ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ការនាំចេញទៅជប៉ុនរបស់កម្ពុជាធ្លាក់ចុះតិចតួចនៅឆមាសទី១ ឆ្នាំ២០២០

១៤ សីហា ២០២០ | សេដ្ឋកិច្ច

ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅជប៉ុនចាប់ពីខែមករា ដល់បំណាច់ខែឧសភា ឆ្នាំ២០២០នេះបង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណាតួលេខនាំចេញនេះនៅតែខ្លាំងជាង ប្រទេសឡាវ និងមីយ៉ានម៉ា ដដែលនោះទេ សម្រាប់ប្រទេសដែលជាសមាជិកអាស៊ានដែលបានធ្វើការនាំចេញទៅជប៉ុនដូចគ្នា។


លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា មានបញ្ហាធំតែមួយគត់ ដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅប្រទេសជប៉ុនមានការធ្លាក់នាពេលនេះ គឺបញ្ហាកូវីដ ១៩ ដែលធ្វើឲ្យជប៉ុនកាត់បន្ថយការប្រើប្រាស់សម្ភារៈមិនចាំបាច់ ដូចជាគ្រឿងអេឡិចត្រូនិច សំលៀកបំពាក់ កង់ និងរថយន្តជាដើម។


លោកឧកញ៉ាបានគត់សម្គាល់ឃើញថា ក្នុងស្ថានភាពនៃវិបត្តិសង្រ្គាម កូវីដ ១៩ នេះ ធ្វើឲ្យការផលិតនៅកម្ពុជាមានការថយចុះ ជាបន្តបន្ទាប់ដោយសារតែការបញ្ជារទិញមិនត្រឹមតែពីជប៉ុនប៉ុណ្ណោះទេ ដែលមានការថយចុះ នៅសហគមអឺរ៉ុបក៏ដូចគ្នាដែរ។  


ទោះ យ៉ាងណា លោក ឧកញ៉ា លឹម ហេង នៅតែមានជំនឿជាក់ខ្ពស់ចំពោះការវិនិយោគជប៉ុននៅកម្ពុជាដោយសង្ឃឹមថា ក្រោយពីកូវីដ ១៩ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនពីជប៉ុន ខណៈកាលពីដើមខែកក្កដា កន្លងទៅនៅក្នុងជំនួបជាមួយសភាពាណិជ្ជកម្មជប៉ុន បានអះអាងថា សភាពាណិជ្ជកម្មជប៉ុនបានត្រៀមនាំវិនិយោគិនជប៉ុនជាច្រើនទៀតមកកាន់កម្ពុជា។


អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានបញ្ជាក់ថា ជប៉ុនបច្ចុប្បន្នមិនត្រឹមតែសម្លឹងឃើញពីការវិនិយោគលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ការវិនិយោគកែច្នៃម្ហូបអាហារពីវិស័យកសិកម្មក៏កំពុងចាប់អារម្មខ្លាំងបំផុត មិនខុសអីទៅនឹងវិនិយោគិនចិន និងកូរ៉េនោះឡើយ។

 


សូមជម្រាបថា គិតមកដល់ត្រឹមបំណាច់ខែមិថុនា ជប៉ុនបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ២១៨ លានដុល្លារ ខណៈកម្ពុជានាំចេញទៅជប៉ុនវិញ មានទឹកប្រាក់ប្រមាណជាង ៧៩១ លានដុល្លារ។ ក្នុងនោះផលិតផលសំខាន់ៗដែលកម្ពុជាបាននំាចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំម៉ាស៊ីនអគ្គិសនី ចំណែកឯកម្ពុជាមានតម្រូវការនាំចូលពីជប៉ុនវិញគឺផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្ររថយន្ត គ្រឿងអេឡិចទ្រូនិច គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម៕


 អត្ថបទ៖ ស៊ឺន សុន 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024