ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អ្នកបើកបរថយន្តធុនធ្ងន់ជាង ១ពាន់នាក់ហើយ ទទួលបានការបណ្តុះបណ្តាលចេញពីសាលាជាផ្លូវការ

១៣ សីហា ២០២០ | ព័ត៌មានជាតិ

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបើកវគ្គបណ្ដុះបណ្ដាលបង្រៀនបើកបររថយន្តធុនធ្ងន់ដល់អ្នកបើកបរបានចំនួនជាង ១ពាន់នាក់ហើយ។ ក្នុងនោះ ស្ទើរតែទាំងស្រុងបានប្រឡងជាប់ជាស្ថាពរ និងទទួលបានបណ្ណបើកបរ ដែលចេញដោយក្រសួងផ្លូវការ។

 



ក្នុងបទសម្ភាសន៍ជាមួយភីអិនអិន ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា មកដល់ពេលនេះ អគ្គនាយកដ្ឋានបានបើកវគ្គបង្រៀនដល់អ្នកបើកបររថយន្តធុនធ្ងន់បានចំនួន ១៥វគ្គហើយ ដោយមានសិក្ខាកាមចំនួន ១០៨៤នាក់ និងអ្នកដែលបានប្រឡងជាប់ជាស្ថាពរមានចំនួន ១០២០នាក់។ អ្នកបើកបរទាំងនោះ ភាគច្រើនមកតាមរយៈសមាគមដឹកជញ្ជូន ក្រុមហ៊ុន និងកំពង់ផែ។

 

ឯកឧត្តមបានបញ្ជាក់ថា ការបណ្តុះបណ្តាលរថយន្តធុនធ្ងន់ សំដៅដល់ប្រភេទរថយន្តដឹកទំនិញទំហំលើសពី៣,៥តោន (គ), រថយន្តដឹកអ្នកដំណើរលើសពី១០នាក់ (ឃ)  និងរថយន្តប្រភេទសណ្តោង (ង)។ សម្រាប់អ្នកដែលអាចទទួលបានការបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់បាន ត្រូវមានបណ្ណបើកបរប្រភេទ (ខ) ដើម្បីអាចប្រឡងយកបណ្ណបើកបរប្រភេទ (គ) (ឃ) និងអ្នកមានបណ្ណបើកបរប្រភេទ (គ) (ឃ) ដើម្បីអាចប្រឡងយកបណ្ណបើកបរប្រភេទ (ង) បាន។

ឯកឧត្តមបានបន្តថា សម្រាប់រយៈពេលនៃការបណ្តុះបណ្តាលនេះ គឺទ្រឹស្តីរយៈពេល ២០ម៉ោង និងការអនុវត្តប្រមាណ ៣០ម៉ោង ដោយផ្តោតទៅលើច្បាប់​ចរាចរណ៍​ផ្លូវគោក សីលធម៌នៅពេលបើកបរ និងរបៀបក្នុងការ​បើកបរ​រថយន្ដ​ធុនធ្ងន់​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មកដល់ពេលនេះ រថយន្តធុនធ្ងន់ដែលបានចុះបញ្ជីមានចំនួនជាង ២៥ម៉ឺនគ្រឿង ក្នុងនោះ អ្នកមានបណ្ណបើកបររថយន្តធុនធ្ងន់មានប្រមាណតែ ១៨ម៉ឺនគ្រឿងប៉ុណ្ណោះ៕
 
 អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024