ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

អង្គការ​សុខភាព​ពិភពលោក​កំពុង​ទាក់ទងទៅ​ប្រទេស​​​រុស្ស៊ី​​​ ដើម្បី​សិក្សា​ស៊ីជម្រៅ​ទៅលើ​​​វ៉ាក់សាំង​ខូវីដ​១៩​​

 

 

 

អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា​ខ្លួន​កំពុង​តែ​ធ្វើ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​ ពាក់ព័ន្ធ​នឹង​ការ​ផលិត​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​ខូវីដ១៩​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ វ៉ាក់សាំង​នេះ​ត្រូវ​ក្រសួង​សុខាភិបាល​រុស្ស៊ី​ប្រកាស​ទទួល​ស្គាល់​ជាផ្លូវ​ការ​កាល​ពី​ម្សិលមិញ,​ ​ហើយ​អនុញ្ញាត​ឲ្យ​ផលិត​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​​​នា​ពេល​ឆាប់​​ៗ​នេះ។​

 


​អង្គការ​សុខភាព​ពិភពលោក​​អះអាង​ថា​ឥឡូវនេះ ខ្លួន​កំពុង​តែ​ពិភាក្សា​គ្នា​ជាមួយ​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ស្គាល់​វ៉ាក់សាំង​នេះ​ជា​អន្តរជាតិ​នា​ពេល​ខាង​មុខ​។ WHO ​​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​​​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​របស់​ប្រទេស​រុស្ស៊ី​​​ទេ​ ​ព្រោះ​មិន​ទាន់មាន​ទិន្នន័យ​ជាក់លាក់នៅ​ក្នុង​ដៃ​។ ​ជាការ​ពិត, ​​ប្រទេស​នីមួយៗ​មាន​សិទ្ធិ​អនុម័ត​ទទួល​ស្គាល់ និង​ប្រើប្រាស់​វ៉ាក់សាំង​នៅ​ក្នុង​ដែន​ដី​របស់​ខ្លួន។ ប៉ុន្តែ​នៅ​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ,​ គេ​ត្រូវឆ្លងកាត់​ការ​​​​​ទទួលស្គាល់​គុណភាព​ពី​ WHO​​។ ​

 

 

 

 

លោក​ពូទីន​ថ្លែង​ថា​រុស្ស៊ី​នឹង​ចាប់​ផ្ដើម​ផលិត​វ៉ាក់សាំង​​​ក្នុង​ទ្រាយ​ធំ​នា​​ពេល​ឆាប់​ៗ​នេះ​។ ​ពល​រដ្ឋ​រុស្ស៊ី​​នឹង​​មាន​ឱកាស​ទទួល​បាន​វ៉ាក់សាំង​នេះ​គ្រប់​ៗ​គ្នា​។ ​ រហូតមក​ដល់​ពេល​នេះ ​ប្រទេស​រុស្ស៊ីទទួល​បាន​ការ​កុម្ម៉ង់​ទិញ​វ៉ាក់សាំង​​រហូត​ដល់​ទៅ​ជាង​មួយ​ពាន់​លាន​ឈុត​រួច​ជាស្រេច​ ពី​ប្រទេស​នានា​ទូទាំង​ពិភពលោក​។ ​

 

រុស្ស៊ី​បាន​ចុះ​កុងត្រា​ជាមួយ​ប្រទេស​ដទៃ​ទៀត​ ដើម្បី​ផលិត​វ៉ាក់សាំង​៥​រយ​លាន​ឈុត​ក្នុង​មួយ​ឆ្នាំ​ៗ​។ ​រុស្ស៊ី​​​នឹងពិសោធ​វ៉ាក់សាំង​នេះ​នៅ​សហភាព​អារ៉ាប់​រួម និង​ប្រទេស​ហ្វ៊ីលីពីន​​មុន​គេ​។ ទោះបី​​អ្នក​ជំនាញ​ខ្លះ​​​មិន​ទាន់​ជឿជាក់១០០%​លើ​វ៉ាក់សាំង​នេះ​​​ក៏​ដោយ, ក៏​រុស្ស៊ី​ត្រៀម​ផលិត​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុកត្រឹម​ដំណាច់​ឆ្នាំ​នេះ​៕

 

 

 


ប្រែសម្រួល៖អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024