ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រធានាធិបតី​តៃវ៉ាន់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចិនដោះស្រាយ​បញ្ហា​ដោយ​ការ​សន្ទនាគ្នា ​ជាជាង​ប្រើ​ធម៌​ក្ដៅ​​

 

 

 

ប្រធានាធិបតី​តៃវ៉ាន់ លោកស្រីឆាយអ៊ីងវេន (Tsai Ing-wen) បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាលចិន​ជ្រើស​រើស​យក​ការ​សន្ទនា​​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ ជាជាង​ប្រើប្រាស់​​ធម៌​ក្ដៅ​ ដើម្បី​បង្ក្រាប​ការ​ប្រឆាំង​តវ៉ា​។ លោក​ស្រីថ្លែង​បែប​នេះ​​បន្ទាប់ពី​មានការ​ចាប់​ខ្លួន​​​​​សេដ្ឋី​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម្នាក់​​​កាលពី​ពេល​ថ្មីៗ​នេះ​ ដោយ​​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ​នៅ​​ទីក្រុង​ហុងកុង​។​​​

 


លោក​ស្រីឆាយអ៊ីងវេន​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋ​អំណាច​នៅ​ទីក្រុង​ប៉េកាំង​និយាយ​គ្នា​ដោយ​ត្រជាក់​ចិត្ត​ ជាជាងប្រើ​​ប្រាស់​​ច្បាប់​ ឬ​អាជ្ញា​ ដើម្បី​ដាក់​គំនាប​ទៅលើ​ពល​រដ្ឋ​ហុងកុង​​​​។ ​​ប្រសាសន៍​របស់​លោកស្រី​ឆាយអ៊ីងវេន​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិក​ទៅ​កោះតៃវ៉ាន់​។ នៅទីក្រុង​ហុងកុង,​ ​មាន​ការ​ចាប់​ខ្លួន​ ​មនុស្ស​មួយ​ចំនួន​​​​កាលពី​ពេលថ្មីៗ​នេះ​​។ ក្នុង​នោះ​ ក៏​មាន​មហាសេដ្ឋី​ខាង​វិស័យ​សារព័មាន​ម្នាក់ផង​ដែរ​ គឺ​លោក​ជីមីឡៃ​​​។

 

 

 

 

ទោះជា​យ៉ាងណាក្ដី, នៅ​ក្នុង​ព្រឹត្តិការណ៍​វិវត្ត​ចុងក្រោយនេះ ​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​​កាល​ពី​យប់មិញ​ បន្ទាប់ពី​​លោក​សុខចិត្ត​បង់​ប្រាក់​ធានា​។ មនុស្ស​ជា​ច្រើន​បាន​ហែ​ហមអម​​​​ដំណើរ​លោក​ចេញ​ពី​មន្ទីរ​ឃុំឃាំង​។ ប៉ុន្តែ​លោក​មិន​បាន​និយាយ​អ្វី​ទាំង​អស់​នៅ​ក្នុង​ពេល​នោះ​។​ ​លោក​ជាប់​ចោទ​ពី​បទ​ចូលដៃ​ជា​មួយ​បរទេស​ ដោយ​យោង​ទៅ​តាម​ច្បាប់​សន្តិសុខ​ជាតិ​​នៅ​ទីក្រុង​ហុងកុង​។ ​​​​​លោក​ជីមីឡៃ និង​កាសែត​របស់​លោក​​មាន​និន្នាការ​ប្រឆាំង​នឹង​​រដ្ឋាភិបាល​ចិន​​៕

 

 

 

ប្រែសម្រួល៖អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024