ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១

ថ្នាក់ដឹកនាំ FFC រំពឹងសិក្ខាកាមកាន់តែកើនសមត្ថភាព ក្រោយចូលរួមវគ្គអាជ្ញាកណ្ដាលក្នុងសាល

១២ សីហា ២០២០ | កីឡា

លោក យាន គីវឌ្ឍនា ប្រធានការិយាល័យអាជ្ញាកណ្ដាលស្ដីទីប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញក្ដីរំពឹងថា អាជ្ញាកណ្ដាលដែលបានចូលរួមសិក្ខាសាលាអាជ្ញាកណ្ដាលបាល់ទាត់ក្នុងសាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែសីហា នឹងកាន់តែកើនសមត្ថភាពខ្លាំងថែមទៀតមុនការប្រកួតជើងឯកថ្នាក់ជាតិ ២០២០ ចូលមកដល់នៅដើមខែតុលា ខាងមុខ។

 


អ្នកជំនាញផ្នែកអាជ្ញាកណ្ដាលខាងលើពន្យល់ថា សិក្ខាកាមដែលចូលរួមសុទ្ធតែអ្នកឆ្លងកាត់ការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ដែលគុណភាពរបស់ពួកគេសុទ្ធតែអាចទទួលយកបាន។


«យើងរំពឹងច្រើនពីពួកគាត់ ព្រោះសុទ្ធតែជាអ្នកឆ្លងកាត់ការសម្រិតសម្រាំងល្អិតល្អន់ និងឆ្លងកាត់វគ្គ selection ធ្វើឲ្យយើងមានទំនុកចិត្តខ្លាំងលើពួកគាត់»។

 


លោក យាន គីវឌ្ឍនា បញ្ជាក់ថា សិក្ខាសាលាអាជ្ញាកណ្ដាលបាល់ទាត់ក្នុងសាលនេះធ្វើឡើងក្នុងគោលបំណងសំខាន់៣ គឺត្រៀមការប្រកួតបាល់ទាត់ក្នុងសាលថ្នាក់ជាតិនៅខែតុលា ខាងមុខ, ស្វែងរកអាជ្ញាកណ្ដាលមានសក្ដានុពលត្រៀម ចូលរួមវគ្គពិសេស ៗ របស់  FIFA និងយល់ដឹងពីការកែប្រែច្បាប់ល្បែងសម្រាប់ ឆ្នាំ២០២០/២០២១សម្រាប់ហ្វូតសាល។ ក្នុងនោះ សិក្ខាកាមសរុប៣០នាក់ មានស្រីពីរនាក់ដែលមកពីបណ្ដាខេត្តក្រុងនានា និងពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។


គួរដឹងដែរថា ការប្រកួតបាល់ទាត់ក្នុងសាលថ្នាក់ជាតិ រដូវកាលថ្មី ប្រព្រឹត្តទៅពីថ្ងៃទី០៣ ខែតុលា ដល់ថ្ងៃទី០៣ ខែមករា ២០២១៕

អត្ថបទ និងរូបភាព ៖ សុវណ្ណ
 

Copyright © 2016 PNN NEWS. All Rights Reserved.