ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រាជរដ្ឋាភិបាល សម្រេចផ្អាកជើងយន្តហោះពីប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ១៣ សីហាតទៅ

១២ សីហា ២០២០ | ព័ត៌មានជាតិ

បន្ទាប់ពីសម្រេចផ្អាកជើងហោះហើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១សីហា មកពីប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី រួចមក នៅថ្ងៃនេះ រាជរដ្ឋាភិបាល បានសម្រេចផ្អាកជើងយន្តហោះពីប្រទេសហ្វីលីពីន ដោយចាប់អនុវត្ត ពីថ្ងៃទី១៣សីហាតទៅ។ ការសម្រេចផ្អាកជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ចូលមកកម្ពុជា ដោយសារតែមានករណីនាំចូលជំងឺកូវីដ១៩ ជាបន្តបន្ទាប់ តាមរយៈជើងយន្តហោះពីប្រទេសទាំងនេះ មកកាន់ប្រទេសកម្ពុជា។

 


ការប្រកាសផ្អាកជើងហោះហើរនេះ ធ្វើឡើង បន្ទាប់ពីមានចំណារយល់ព្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។


សេចក្តីប្រកាសក្រសួងសុខាភិបាល បានឱ្យដឹងថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលចូលជាធរមានកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ បានរួមចំណែកដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ឃើញថា អត្រាឆ្លងបានហក់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យអត្រាអ្នកផ្ទុកវីរុសកូវីដ១៩ ខ្ពស់ជាងគេបំផុត នៅក្នុងបណ្តាប្រទេសមាជិកអាស៊ាន។

 


ក្រសួងបន្តថា ដូច្នេះអ្នកដំណើរមកពីប្រទេសហ្វីលីពីន ក៏ជាការព្រួយបារម្ភផងដែរ។ ម្យ៉ាងទៀតកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមានអ្នកដំណើរសរុបចំនួន ១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ១៩ រហូតដល់ ១៣នាក់ ដែលបានបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានសុខភាពសាធារណៈ។


ដើម្បីសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានរលកទី២ នៃការចម្លងវីរុសកូវីដ១៩៕ 

អត្ថបទ៖ លី ម៉េងហួរ        រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024