ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អគ្គនាយកដឹកជញ្ជូនផ្លូវគោក អះអាងថា កម្ពុជានៅខ្វះអ្នកបើកបរថយន្តធុនធ្ងន់ច្រើនទៀត

១២ សីហា ២០២០ | ព័ត៌មានជាតិ

កម្ពុជានៅខ្វះអ្នកបើកបរថយន្តធុនធ្ងន់ច្រើនទៀត ខណៈមកដល់ពេលនេះ អ្នកមានប័ណ្ណបើកបររថយន្តធុនធ្ងន់មានតែប្រមាណ ១៧ម៉ឺនគ្រឿង ក្នុងចំណោមរថយន្តដែលបានចុះបញ្ជីជាង ២៥ម៉ឺនគ្រឿង។ នេះបើតាមការឲ្យដឹងពីអគ្គនាយកដឹកជញ្ជូនផ្លូវគោក។

 


អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឯកឧត្តម ឈួន វ៉ន់ បានឲ្យដឹងថា អ្នកមានប័ណ្ណបើកបររថយន្តធុនធ្ងន់តែប្រមាណ ១៧ម៉ឺនគ្រឿងប៉ុណ្ណោះ ក្នុងចំណោមរថយន្តដែលបានចុះបញ្ជីជាង ២៥ម៉ឺនគ្រឿង។

 


ចំនួនប័ណ្ណបើកបររថយន្តធុនធ្ងន់ មិនទាន់សមាមាត្រទៅនឹងចំនួនរថយន្តនៅលើដងផ្លូវនេះ ឯកឧត្តមអះអាងថា ក្រសួងសាធារណការបានបង្កើតសាលាបង្រៀន និងជំរុញការបណ្តុះបណ្តាល ដើម្បីឲ្យអ្នកកាន់ដៃចង្កូតទាំងនោះមានបណ្ណបើកបរត្រឹមត្រូវទៅតាមប្រភេទយាន។


បើតាមឯកឧត្តម ឈួន វ៉ន់ ការបណ្តុះបណ្តាលរថយន្តធុនធ្ងន់ សំដៅដល់ប្រភេទរថយន្តដឹកទំនិញ (គ) ទំហំលើសពី៣,៥តោន, រថយន្តដឹកអ្នកដំណើរ (ឃ) លើសពី២០នាក់ និងរថយន្តប្រភេទសណ្តោង។ 

 


គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើការមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់ កាលពីចុងខែតុលា ឆ្នាំ២០១៨។ មជ្ឈមណ្ឌលនេះ ដើម្បីផ្ដល់នូវចំណេះដឹងដល់អ្នកបើកបរឲ្យស្គាល់ពីច្បាប់ចរាចរណ៍ផ្លូវគោក និងរបៀបនៃការបើកបររថយន្ដធុនធ្ងន់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់ទ្រង់ទ្រាយធំ ភាគច្រើនបង្កឡើងដោយរថយន្តប្រភេទធុនធំនេះតែម្តង៕

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024