ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០

ថៃ និងចិន នៅតែប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មឲ្យដល់ ១៤០ ពាន់លានដុល្លារនៅឆ្នាំក្រោយ

១២ សីហា ២០២០ | សេដ្ឋកិច្ច

ការលើកឡើងពីគោលដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងចិន រហូតដល់ ១៤០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយនេះ គឺធ្វើឡើងក្រោមជំនួបរវាងមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានចរចាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មចិន។


ក្នុងនោះដែរ តំណាងភាគីថៃ ក៏បានលើកឡើងពីទំនាក់ទំនងរវាងគម្រោងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងគម្រោងមហាតំបន់ឆ្នេសមុទ្រ របស់ចិនផងដែរ។


ជាមួយគ្នានេះ ថៃក៏បានស្នើឲ្យចិនឆាប់អនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងចិននិងថៃ ទៅលើពាណិជ្ជកម្មកសិកម្ម ពិសេសកិច្ចព្រមព្រៀងរវាងថ្នាក់រដ្ឋាភិបាលនិងរដ្ឋាភិបាល ក្នុងការនាំចូលអង្ករពីប្រទេសថៃ ទៅកាន់ទីផ្សារចិនឲ្យបានដល់ ១លានតោន។


ភាគីថៃ ក៏បានទទួលស្គាល់ផងដែរ អំពីរយៈពេលកន្លងមកនេះ គឺចិនបាននាំចូលផលិតផលកសិកម្មពីថៃ ច្រើនគួរឲ្យកត់សម្គាល់ ពិសេសផ្លែឈើតែម្ដង ពោលគឺប្រទេសចិន ជាអ្នកនាំចូលផ្លែឈើពីប្រទេសថៃ ច្រើនជាងគេបំផុត។


បន្ថែមពីនេះទៀត ភាគីថៃ និងចិនក៏បានឯកភាពគ្នាក្នុងការជំរុញលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ទាំងតាមរយៈOnline និង Offline បើទោះបីជាជាមានបញ្ហាមេរោគរាតត្បាតកូវីដ-១៩ មកតាមរំខានយ៉ាងណាក្ដី។


សូមបញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារនាំចូលធំជាងគេបំផុត និងជាទីផ្សារនាំចេញធំបំផុតទី២ របស់ថៃ។ តួយ៉ាង កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពី ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានក្នុងរង្វង់ ៨០ពាន់លានដុល្លារអាមេរិក ហើយសម្រាប់រយៈពេលពាក់កណ្ដាលឆ្នាំ២០២០នេះដែរ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងចិន សម្រេចបានជាង៣៨ ពាន់លានដុល្លារអាមេរិក។

 


យ៉ាងណាក៏ដោយចុះ សម្រាប់ឆ្នាំ២០២០នេះ ពាណិជ្ជកម្មរបស់ថៃ ហាក់ធ្វើមិនសូវបានល្អនោះទេ ដោយសារតែឥទ្ធិពលនៃមេរោគកូវីដ-១៩។ ក្នុងនោះ ការនាំចេញសរុបរបស់ថៃ នៅឆ្នាំ២០២០នេះ ត្រូវបានស្ថាប័នជំនាញព្យាករថាអាចនឹងដាំក្បាលចុះដល់ទៅជាង១០%ឯណោះ ខណៈដែលផលិតផលក្នុងស្រុកសរុបវិញក៏ត្រូវបានព្យាករដែរថាអាចនឹងធ្លាក់ចុះដល់ទៅជាង១០%ដូចគ្នាដែរ។


ទោះបីជាបែបនេះក្ដី លោកប្រយុទ្ធ ចាន់ អូចារ្យនាពេលថ្មីៗនេះ បានចេញមុខអះអាងរួចហើយ ដោយបានព្យាករថា សេដ្ឋកិច្ចថៃ នៅឆ្នាំនេះ អាចនឹងធ្លាក់ចុះ ត្រឹមក្រោម១០%ប៉ុណ្ណោះ៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.