ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សហព័ន្ធស្រូវអង្ករកម្ពុជាព្រួយបារម្ភយ៉ាងខ្លាំងពីលំហូរស្រូវចេញយ៉ាងសម្បើមទៅប្រទេសជិតខាង ខណៈជំងឺកូវីដ ១៩ នៅតែជាបញ្ហា 

១២ សីហា ២០២០ | សេដ្ឋកិច្ច

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃនេះ តម្លៃទីផ្សារស្រូវអង្ករកម្ពុជាមិនមានការប្រែប្រួលកើនឡើង ឬក៏ចុះថ្លៃនោះទេ ស្ថានភាពបែបនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ការផ្គត់ផ្គង់អង្ករនៅក្នុងស្រុក គឺគ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ ប៉ុន្តែសម្រាប់រយៈពេលមធ្យម និង វែង អាចនឹងរងផលប៉ះពាល់ខ្លះ ប្រសិនបើនៅតែបន្តនាំចេញស្រូវកាន់តែច្រើនទៅប្រទេសជិតខាង។

 

លោកឧកញ៉ា អះអាងបន្តថា ស្ថានភាពលក់អង្ករនៅក្នុងស្រុកនៅតែរក្សាស្ថានភាពតម្លៃអង្ករនៅដដែលមិនបានសញ្ញាបង្ហាញពីការកើនឡើងឬធ្លាក់ចុះនោះទេ ខណៈតម្លៃអង្ករនៅក្រៅប្រទេសមួយរយៈនេះមានការឡើងចុះមិនទៀង ដោយសារតែស្ថានភាពកូវីដ ១៩ ប៉ុន្តែបើស្ថានភាពជំងឺនេះនៅបន្តផ្ទុះឡើងកាន់ច្រើនថែមទៀតនោះប្រទេសរងឥទ្ធិពលខ្លាំងច្បាស់នឹងមានតម្រូវការស្បៀងកើនឡើង ដែលជាហេតុធ្វើឲ្យអង្ករមានការកើនឡើងភ្លាមៗ។ 

 

លោកឧកញ៉ាបន្តថា ក្នុងនាមជាវិស័យឯកជនយើងមិនមានលទ្ធភាពអាចធ្វើការទស្សទាយអំពីតម្រូវការស្បៀងបានសម្រាប់ទូទាំងប្រទេសបានទេ  មានតែស្ថាប័នរដ្ឋដែលពាក់ព័ន្ធប៉ុណ្ណោះដែលមានលទ្ធភាពត្រួតពិនិត្យពីស្ថានភាពស្បៀងអាហារទូទាំងប្រទេសបាន។


 
ប៉ុន្តែអ្វីដែលជាការលើកឡើងគឺគ្រាន់តែចង់បញ្ជាក់ថា ភាគច្រើនអង្ករកម្ពុជានាំចេញជាប្រភេទអង្ករក្រអូប អង្ករផ្ការំដួល និងអង្ករសល្អប្រណិត ប៉ុន្តែសម្រាប់អង្ករនាំចេញទៅវៀតណាមភាគច្រើនជា អង្ករសធម្មតា (ដូចជាអង្ករស្រូវអ៊ីអ៊ែរ) ដែលភាគច្រើនពលរដ្ឋក្នុងស្រុកក៏និយមប្រើប្រាស់ច្រើនជាងគេដែរ ដូច្នេះវាអាចជះឥទ្ធិពលផងដែរប្រសិនបើសិនជាកម្ពុជាបន្តនាំចេញកាន់តែច្រើនក្នុងរយៈពេលវែងកម្ពុជាអាចនឹងរងផលប៉ះពាល់ចំពោះតម្រូវការស្បៀងប្រភេទនេះ ប៉ុន្តែសម្រាប់រយៈពេលខ្លីមិនទាន់មានសញ្ញានៃផលប៉ះពាល់ណាមួយនៅឡើយទេ។


 
យ៉ាងណាក៏ដោយចុះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សម្តែងនូវការព្រួយបារម្ភ បើស្ថានភាពគូវីដ១៩ នៅបន្តអូសបន្លាសរយៈពេលវែង រដ្ឋាភិបាលគួរតែពិចារណាកាត់បន្ថយការចេញស្រូវទៅកាន់ប្រទេសជិតខាង តាមច្រកព្រំដែនកម្ពុជាថៃ និង វៀតណាម បើមិនដូច្នេះទេ វាអាចនឹងយឺតពេល វាអាចនឹងជួបបញ្ហា នៅពេលដែលលំហូរស្រូវចេញទៅអស់។

 


 
ជុំវិញទៅនឹងបញ្ហាស្បៀងអាហារនេះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វែង សាខុន បានបញ្ជាក់អះអាងថា កម្ពុជានៅតែអាចធានាបាននូវស្បៀងអាហារគ្រប់គ្រាន់សម្រាប់តម្រូវការស្បៀងក្នុងស្រុក និង ការនាំចេញនៅក្នុងឆ្នាំ២០២០នេះ បើទោះបីជា កម្ពុជានៅពេលនេះកំពុងប្រឈមជាមួយនឹងវិបត្តិសកលជំងឺកូវីដ ១៩ក៏ដោយចុះ។


ឯកឧត្តម វេង សាខុន បន្តថា ការបង្កបង្កើនផលស្រូវនៅឆ្នាំ២០២០ នេះតាមការប៉ាន់ស្មានគឺអាចមានចំនួនច្រើនលើសកាលពីឆ្នាំទៅមិញ មិនតិចជាង ១២លានតោនស្រូវឡើយ ខណៈកាលពីឆ្នាំ២០១៩ ការបង្កបង្កើនផលស្រូវសម្រេចបានជិត ១១លានតោន ដូច្នេះនៅឆ្នាំនេះកម្ពុជា នឹងពុំមានបញ្ហាខ្វះស្បៀងអាហារនោះឡើយ៕


អត្ថបទ ស៊ឺន សុន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024