ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឱ្យលុបបំបាត់ការធ្វើទារុណកម្ម យកចម្លើយពីអ្នកជាប់ឃុំ

១២ សីហា ២០២០ | ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃនេះ បានថ្លែង ជំរុញឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លុបបំបាត់ឱ្យបានទាំងស្រុងនូវការធ្វើទារុណកម្មតាមគ្រប់រូបភាពទៅលើអ្នកជាប់ឃុំដើម្បីបាននូវចម្លើយសារភាព ឬព័ត៌មាននានា។ ការថ្លែងនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម តាមព្រះរាជក្រឹត្យ​ត្រាស់បង្គាប់តែងតាំងរបស់ព្រះមហាក្សត្រ។

 


ពីវេទិកាអធិបតីនៃពិធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃអង្គារនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រឆាំងដាច់ខាតការធ្វើទារុណកម្មគ្រប់ប្រភេទ តាមរយៈការអនុវត្តច្បាប់ជាតិ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ថាការងារនេះអាចសម្រេចទៅបាន ល្គិកណាតែមន្រ្តីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ចទទួលបន្ទុកគ្រប់គ្រងជនជាប់ឃុំ ផ្លាស់ប្ដរផ្នត់គំនិត ឥរិយាបទ និងអាក្បកិរិយារបស់ខ្លួន ជុំវិញការឃាត់ខ្លួន ការឃុំខ្លួន ការអប់រំការប្រែ ការព្យាបាល ការស្ដារនីតិសម្បទាជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព ដោយបានសង្កត់ធ្ងន់ថា ព័ត៌មាន ឬចម្លើយដែលយើងចង់បាន មិនត្រូវបានមកពីការធ្វើទារុណកម្មនោះឡើយ។

 


សម្ដេចបានមានប្រសាសន៍ទៀតថា ការធ្វើទារុណកម្ម និងប្រព្រឹត្តកម្មមិនគប្បីដែលឃោឃៅ អនុមនុស្សធម៌ ឬបន្ទាបបន្ថោក មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះជនដែលត្រូវបានដកហូតសិទ្ធិសេរីភាពឡើយ ផ្ទុយទៅវិញវាជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលបាននូវលទ្ធផលជាវិជ្ជមានដូចយើងចង់បាននោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់ភាពថ្លៃថ្លូរបស់មនុស្សជាតិ និងការឈឺចាប់ដល់ជនទាំងនោះ ហើយអាចបង្កើតឡើងនៅគំនុំគំគួនគ្នាមិនចេះចប់។


សម្ដេចបានសង្កត់ធ្ងន់ទៀតថាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាគណៈកម្មាធិការឯករាជ្យ ក្នុងការវាយតម្លៃ ការត្រួតពិនិត្យ ទៅលើអំពើទារុណកម្ម មិនស្ថិតក្រោមការបញ្ជារបស់រាជរដ្ឋាភិបាលទេ ពោលគឺបើមានអំពើធ្វើទារុណកម្ម គណៈកម្មាធិការនេះត្រូវតែឆ្លុះបញ្ចាំងការពិតដោយមិនខ្លាចញញើត ឬស្ថិតក្រោមសម្ពាធណាមួយឡើយ និងបានណែនាំឱ្យស្ថាប័នមួយនេះ ពង្រឹងកិច្ចសហការជាមួយភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីឆ្លើយតបអនុសាសន៍នានាក្នុងបំណងលុបបំបាត់ឱ្យបានទាំងស្រុងនូវអំពើធ្វើទារុណកម្មនៅតាមកន្លែងឃុំឃាំងក្នុងប្រទេសកម្ពុជា។

 


គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ថា គ.ជ.ប.ទ បានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ដោយមានសមាសភាពថ្នាក់ដឹកនាំ៩រូប មានលេខាធិការ១ជាសេនាធិការ។ ស្ថាប័ននេះប្រមូលផ្ដុំដោយមន្រ្តីក្រសួងមហាផ្ទៃ ទាំងនគរបាល ស៊ីវិល និងពន្ធនាគារ។ ថ្វីដ្បិតថាថវិកា និងមន្រ្តី មានប្រភពពីក្រសួងមហាផ្ទៃ ប៉ុន្តែគណៈកម្មាធិការជាតិមួយនេះ មានឯរាជ្យភាពពេញទំហឹងសម្រាប់ការចុះស្រាវជ្រាវ អង្កេត និងធ្វើរបាយការណ៍ ជុំវិញករណីធ្វើទារុណកម្មណាមួយ ដោយអាចចុះបំពេញបេសកកកម្មទាំងជូនដំណឹងទៅមុន ឬមិនបាច់ផ្ដល់ដំណឹងក៏បាន។

 


ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តែងតែងរំលេចក្នុងរបាយការណ៍របស់ខ្លួននូវអនុសាសន៍ស្នើឱ្យរាជរដ្ឋាភិបាលលុបបំបាត់ការធ្វើទារុណកម្ម ពិសេសទារុណកម្មសួរចម្លើយ ឬព៌មានពេលចាប់ឃ្លួនជនប្រព្រឹត្តកំហុសព្រហ្មទណ្ឌ។ នៅឆ្នាំ២០២០នេះ មានអំពើធ្វើទារុណកម្មសួរចម្លើយពីរកណីត្រូវបានគេចាប់អារម្មណ៍ គឺករណីកងរាជអាវុធហត្ថលេខាបន្ទាយមានជ័យ និងករណីនគរបាលប្រឆាំងគ្រឿងញៀននៅខេត្តព្រៃវែង។ ជាលទ្ធផលមន្រ្តីដែលប្រព្រឹត្តិនោះត្រូវបានដាក់ពិន័យ ដកហូតមុខតំណែង និងប្រឈមមុខតុលាការ៕

អត្ថបទ៖ រ៉េន រតនៈ ​រូបភាព៖ សែត ប៊ុនថាន់

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024