ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

​ជប៉ុន​​​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​វិវត្ត​ថ្មី​នៅ​ហុងកុង​ ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​​អ្នក​ប្រឆាំង​ជា​បន្ត​បន្ទាប់​

 

 

រដ្ឋាភិបាល​ជប៉ុន​​ព្រួយ​បារម្ភ​ជា​​ខ្លាំង​ចំពោះ​ស្ថានការណ៍​វិវត្ត​ថ្មី​នៅ​ហុងកុង​ ​​​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​​​មនុស្ស​មួយ​ចំនួន​​ ដោយ​អនុវត្ត​​តាម​​ច្បាប់សន្តិសុខ​ជាតិ​ថ្មី​។ ​​អ្នក​នាំ​ពាក្យ​ជប៉ុន​ថ្លែង​ថា «​ហុងកុង​ជា​ដៃគូ​ដ៏​សំខាន់​​របស់​​ប្រទេស​ជប៉ុន។​

 

 

យើង​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ទំនាក់​ទំនង​រវាង​ពលរដ្ឋ​ និង​ពលរដ្ឋ​យ៉ាង​ជិត​ស្និទ្ធ​។ យើង​យល់​ថា​ហុងកុង​ក្រោម​គោលការណ៍ «ប្រទេស​មួយ​ប្រើ​ប្រព័ន្ធ​ពីរ​» គួរ​ណាស់​រក្សា​បាន​ប្រព័ន្ធ​គ្រប់​គ្រង​តាម​បែប​សេរីនិយម ​បើក​ទូលាយ​ និង​អភិវឌ្ឍ​ខ្លួន​តាម​​បែប​ប្រជាធិបតេយ្យ​ និង​ដោយ​រលូន​។ ជប៉ុន​​នៅ​តែ​ប្រកាន់​គោល​ជំហរ​បែប​នេះ​ជា​និច្ច​»។​

 

 

 

 

 

​​កាលពី​ម្សិល​មិញ, នគរបាល​ហុងកុង​បាន​ចាប់​ខ្លួន​មនុស្ស​១០នាក់​ ​​ជា​បុគ្គលិក​ជាន់​ខ្ពស់​នៃ​កាសែត​​​ថេប្លយ (tabloid) ឈ្មោះ​អេផលដេលី (Apple Daily) ដែល​​ចូលចិត្ត​​​រិះគន់​រដ្ឋាភិបាល​ចិន​។

 

 

ក្នុងចំណោម​អ្នក​ចាប់​ខ្លួន​ទាំងនោះ ​​មាន​លោក​ជីមីឡៃ ជា​ចាងហ្វាង​ការ​ផ្សាយ​ និង​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ ដែល​មាន​ទំនោរ​ទៅ​ខាង​ប្រទេស​សេរី​និយម​។ លោក​ជាប់​ចោទ​ពី​បទ​ចូលដៃ​ជាមួយ​បរទេស​។ មនុស្ស​សំខាន់​ម្នាក់​ទៀត​ដែល​ត្រូវ​ចាប់​ខ្លួន​​ដែរ​​​ គឺ​​​នាង​អាកនេចូវ (Agnes Chow) ​ជា​អ្នក​សកម្ម​នៅ​ក្នុង​ការ​ដឹកនាំ​ចលនា​បាតុកម្ម​​​​កាលពី​ពេល​កន្លង​មក​។ សូម​បញ្ជាក់​ថា​​ច្បាប់​សន្តិសុខ​ជាតិនៅ​ហុងកុង​​មាន​គោលដៅ​ចាត់​ការ​លើ​បទ​ល្មើស​សំខាន់ៗ​៤គឺ៖ អំពើ​វិទ្ធង្សនា, អំពើ​ភេរវកម្ម, អំពើ​​អបគមន៍​​ និង​អំពើ​ចូលដៃ​ជាមួយ​បរទេស​។ ទោសទាំង​នេះ​អាចឲ្យ​ពិរុទ្ធ​ជន​​ជាប់​ពន្ធនាគារ​មួយ​​​ជីវិត​​​៕

 

 

ប្រែសម្រួល៖អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024