ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កាត់បន្ថយប្រាក់ខែបុគ្គលិក បន្ទាប់ពីការខាតបង់អស់ជាច្រើនខែ

១១ សីហា ២០២០ | សេដ្ឋកិច្ច

ក្នុងឆមាសទី ១ ឆ្នាំនេះ ក្រុមហ៊ុន Vietnam Airlines បានបង្ហាញពី ការខាតបង់ដល់ទៅជាង ២៨០លានដុល្លារអាមេរិក ហើយបើតាមការព្យាករណ៍ អាចនឹងខាតបង់ដល់ទៅ ៦៥៤លានដុល្លារ នៅក្នុងឆ្នាំ ២០២០។


ប្រាក់ខែអ្នកបើកបរយន្តហោះ អាចនឹងត្រូវបានកាត់បន្ថយជាមធ្យម មកនៅត្រឹម ៣ពាន់ ៣រយដុល្លារអាមេរិក ខណៈប្រាក់ខែរបស់ អ្នកបម្រើតាមយន្តហោះ កាត់មកនៅត្រឹម ៦០០ដុល្លារអាមេរិក។


លើសពីនេះ ក្រុមហ៊ុនមាន អ្នកបើកបរយន្តហោះ ៩៤៥នាក់ ដោយក្នុងនោះ ១៣០នាក់ ជាជនបរទេស ហើយគោលដៅនៃការកាត់បន្ថយប្រាក់ខែនេះ គឺដើម្បីកាត់បន្ថយការខាតបង់របស់ក្រុមហ៊ុន ដែលបាននិងកំពុងរងគ្រោះដោយសារតែ វិបត្តិមេរោគឆ្លងមួយនេះ។

 


យ៉ាងណាក៏ដោយ ក្រុមហ៊ុន Vietnam Airlines រំពឹងថា នៅក្នុងឆមាសទី ២នេះ បញ្ហាប្រឈមជាច្រើន នៅតែកើតមានឡើង សម្រាប់វិស័យអាកាសចរណ៍អន្តរជាតិ ហើយវាអាចប្រសើរឡើងវិញបាន អាស្រ័យទៅលើការគ្រប់គ្រងបញ្ហាមេរោគឆ្លងមួយនេះ ជាមួយនឹងការរកឃើញវ៉ាក់ស៊ាំង និងការកំណត់រឹតបន្តឹងលើការចេញចូលរបស់ ប្រទេសនីមួយៗ។


គួរជម្រាបដែរថា ក្រុមហ៊ុនមួយនេះ ក៏ធ្លាប់បានស្នើសុំ ថវិកាសង្គ្រោះជាង ៥២០លានដុល្លារអាមេរិកដែរ ពី រដ្ឋាភិបាលវៀតណាម ដោយអះអាងថា ពួកគេនឹងជួបបញ្ហាកាន់តែលំបាក នៅក្នុងដំណាច់ខែសីហានេះ៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024