ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

បឺត សង្ឃឹម ថា លៀប រដ្ឋា ពិបាកទប់ទល់ជាង វ៉ាន់ វឿន  

១១ សីហា ២០២០ | កីឡា

ក្រោយបានត្រឹមស្មើពិន្ទុជាមួយអ្នកលេងទម្ងន់ដៃ លៀប រដ្ឋា នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី០៩ ខែសីហា អ្នកប្រដាល់គុនខ្មែរ កំពុងលេចធ្លោ បឺត សង្ឃឹម បង្ហើបថា វ៉ាន់ វឿន មានអាវុធស្រាល និងងាយស្រួលតតាំងជាង លៀប រដ្ឋា បើទោះបីខ្លួនធ្លាប់ខកចិត្ត ក្រោមថ្វីដៃម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមសម័យរូបនេះ កាលពីពេលកន្លងមក យ៉ាងណាក្ដី។ 

 


បទសម្ភាសជាមួយភីអិនអិន ក្រោយចប់ការប្រកួត កូនសិស្សអតីតជើងខ្លាំង បឺត ខាំ និង បឺត សំខាន់ ពន្យល់ថា៖ «ការប្រកួតជាមួយ លៀប រដ្ឋា នេះ ស្វិតស្វាញខ្លាំងណាស់ ព្រោះអី ប្រឹងអស់ពីសមត្ថភាពមែនទែនហើយ។ បីទឹក យើងអត់មានស្ទាបស្ទង់អីផង ឡើងទៅកម្លាំងមានទាំងប៉ុន្មាន វាយចេញទាំងអស់។ និយាយទៅ ខ្ញុំអត់ដែលជួបគា្ន នេះជាលើកទី១ ហើយដៃរបស់គាត់ធ្ងន់។ ដៃគាត់ធ្ងន់វាយចូលខ្ញុំម្ដងៗ ឡើងចង់វង្វេងៗ  ហើយទាត់ក៏ធ្ងន់ដែរ។ ខ្ញុំថា បើវាយប្រាំទឹក ប្រហែលអត់សូវអីប៉ុន្មានទេ ព្រោះមានឱកាសថយ ឆក់យកពិន្ទុ។ ប៉ុន្តែវាយបីទឹក ពិបាកជាងប្រាំទឹក។ សម្រាប់ខ្ញុំ វ៉ាន់ វឿន គាត់មានច្រើនក្បាច់ដែរ តែអាវុធគាត់ស្រាលជាង លៀប រដ្ឋា។ លៀប រដ្ឋា មិនសូវលឿន និងច្រើនក្បាច់ដូច វ៉ាន់ វឿន មែន តែអាវុធគាត់ធ្ងន់»។

 

 


អ្នកប្រយុទ្ធគុនខ្មែរ ដើមកំណើតពីខេត្តបាត់ដំបង រូបនេះ បន្ថែមថា ទោះទើបយកឈ្នះ វ៉ាន់ វឿន ក្នុងជំនួបសងសឹក កាលពីពេលថ្មីៗកន្លងមកនេះក្ដី ប៉ុន្តែខ្លួននៅតែស្វាគមន៍ និងចិញ្ចឹមចង់ប៉ះម្ចាស់ខ្សែក្រវាត់ប្រាក់ “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” រដូវកាលទី២ រូបនេះម្ដងទៀត នាវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងខ្សែក្រវាត់ណាមួយសារជាថ្មី នាពេលខាងមុខ ប្រសិនឱកាសហុចឲ្យ។

 

 


គួរដឹងដែរថា បឺត សង្ឃឹម ជាអ្នកប្រដាល់គុនខ្មែរ កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍គួរឲ្យកតសម្គាល់ បន្ទាប់ពីរូបគេ បានពង្រឹងសមត្ថភាពឡើងវិញ ជាមួយអតីតជើងខ្លាំង បឺត ខាំ និង បឺត សំខាន់។ អ្នកស្នងគុនខ្មែរ វ័យ២៣ឆ្នាំរូបនេះ ទើបស្មើពិន្ទុជាមួយ លៀប រដ្ឋា នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី០៩ ខែសីហា ផងដែរ៕

អត្ថបទ និងរូបភាព៖ នូ ពៅ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024