ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

វិស័យអចលនទ្រព្យនៅវៀតណាម ជាវិស័យដែលបញ្ឈប់ការងារបុគ្គលិកច្រើនជាងគេបំផុតអំឡុងពេលវិបត្តិកូវីដ១៩

១១ សីហា ២០២០ | សេដ្ឋកិច្ច

យោងតាមការស្ទង់មតិទៅលើ ក្រុមហ៊ុនអាជីវកម្មធំៗជាង ៣០០កន្លែងរបស់ ស្ថាប័នអន្តរជាតិផ្នែកគ្រប់គ្រងធនធានមនុស្ស ADECCO មកពីប្រទេសស្វ៊ីស បានគូសបញ្ជាក់ថា សឹងតែ ៧០% ទៅហើយ នៃក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ បានបញ្ឈប់ការងារបុគ្គលិក ហើយក្រៅពីនោះ ក៏មាន ៦១% នៃវិស័យប្រព័ន្ធផ្សព្វផ្សាយ និង ៥៩% នៃវិស័យធនាគារ សុទ្ធតែបានបញ្ចប់ការងាររបស់បុគ្គលិក។


ដោយឡែក វិស័យដែលបានកាត់បន្ថយប្រាក់ខែបុគ្គលិកច្រើនជាងគេ គឺវិស័យធនាគារ និងវិស័យប្រព័ន្ធផ្សព្វផ្សាយ ខណៈដែល វិស័យអចលទ្រព្យ មានការខាតបង់ប្រាក់ចំណូល និងផ្អាកការរើសបុគ្គលិក ក៏ដូចជា ការលុបចោលនូវ គោលការណ៍តម្លើងប្រាក់ខែមួយរយៈពេលផងដែរ។


បើតាមការលើកឡើងរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE បានបញ្ជាក់ផងដែរថា វៀតណាម បានក្លាយជា គោលដៅវិនិយោគដ៏មានប្រជាប្រិយភាពមួយ សម្រាប់វិស័យអចលនទ្រព្យ នាពេលបច្ចុប្បន្ន ដោយសារតែ ក្រុមហ៊ុន សហគ្រាស ស្តង់ដារអន្តរជាតិជាច្រើន បានចាប់ផ្តើមផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម ចូលមក ប្រទេសវៀតណាម ក្រោយពីមានការផ្ទុះឡើងនូវ សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន គួបផ្សំនិងបញ្ហាប្រឈមនៃមេរោគកូវីដ១៩។


បើទោះបីជា វិស័យអចលនទ្រព្យរបស់ វៀតណាម ហាក់មានការកើនឡើង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានរុញច្រានដោយ កំណើននៃការវិនិយោគពីក្រៅប្រទេសក្តី វិបត្តិមេរោគកូវីដ១៩ បានកាត់បន្ថយឱកាសដ៏មានសក្តានុពលនេះ ដោយសារតែ វិធានការណ៍រឹតបន្តឹង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។

 


ជាចុងក្រោយ អគ្គនាយកស្ថាប័នអន្តរជាតិ ADECCO បានបញ្ជាក់ថា ខណៈដែលក្រុមហ៊ុនទាំងអស់ បានអនុវត្តទៅតាមគោលការណ៍ណែនំាំរបស់ រដ្ឋាភិបាលវៀតណាម យ៉ាងខ្ជាប់ខ្ជួននោះ ក្នុងការសម្អាត និងការពារ ការឆ្លងមេរោគក្នុងកន្លែងធ្វើការក្តី ពួកគេគួរតែពិចារណាបន្ថែមទៅលើ ការគាំទ្រដល់ សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់បុគ្គលិកបន្ថែមទៀត ជាជាងការបញ្ឈប់ការងារ៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024