ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ការដ្ឋានសាងសង់ស្ថានីយបូមទឹក ទួលសំពៅ ក្នុងខណ្ឌព្រែកព្នៅ សម្រេចបាន ៩៨ភាគរយ គ្រោង ដាក់អោយដំណើរការបូមទឹក នៅចុងសប្តាហ៍នេះ

១១ សីហា ២០២០ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សា្ថនីយ៍បូមទឹកទួលសំពៅ ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ គិតត្រឹមថ្ងៃទី១០ ខែសីហានេះ សាងសង់សម្រេចបាន៩៨ភាគរយហើយ។ សា្ថនីយ៍បូមទឹកនេះ គ្រោងនឹងដាក់អោយដំណើរការបូមទឹកនៅចុងសប្តាហ៍នេះ។ 

 


ស្ថានីយ៍បូមទឹកទួលសំពៅ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងគោករកា ខណ្ឌព្រែកព្នៅ គិតត្រឹមថ្ងៃទី១០ ខែសីហានេះ សាងសង់សម្រេចបាន៩៨ភាគរយហើយ ដោយគ្រោងនឹងដាក់អោយដំណើរការបូមទឹកនៅចុងសប្តាហ៍នេះ។


មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹង ស្ថានីយ៍បូមទឹកទួលសំពៅនេះ មានម៉ូទ័របូមទឹកទំហំ ១ម៉ែត្រ ចំនួន៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម ១២ម៉ែត្រគូបក្នុង១វិនាទី ធ្វើអោយសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។

 


មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដដែល បានអោយដឹងទៀតថា ស្ថានីយបូមទឹកទួលសំពៅ មានសមត្ថភាពបូមទឹកត្រឹមតែ៥ម៉ែត្រគូបក្នុងមួយវិនាទីប៉ុណ្ណោះ តម្រូវអោយរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការសាងសង់បង្កើនសមត្ថភាពបូមទឹកបន្ថែមទៀត។

 


គួរបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាការលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ មកដល់ពេលនេះមានស្ថានីយបូមទឹកចំនួន ១៤កន្លែង ត្រូវបានតម្លើងនិងបានកំពុងដែលតួនាទីយ៉ាងសំខាន់ បូមរំដោះទឹកចេញពីរាជធានីភ្នំពេញ។  ជាមួយគ្នានោះរដ្ឋបាលនៅភ្នំពេញ ក៏កំពុងសិក្សាជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបង្កើតប្រព័ន្ធស្ទាក់ទឹកពីខេត្តកំពង់ស្ពឺ អោយហូរចាក់ទៅក្នុងស្ទឹងព្រែកត្នោត ក្នុងគោលដៅកាត់បន្ថយកុំឱ្យទឹកហូរបុកមកជន់លិចរាជធានីភ្នំពេញផងដែរ៕

អត្ថបទ និងរូបភាព ៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024