ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ADB ព្យាករថា ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករធ្វើការក្រៅប្រទេសរបស់កម្ពុជានឹងធ្លាក់ចុះជាង ១៥% នៅឆ្នាំនេះ

១១ សីហា ២០២០ | សេដ្ឋកិច្ច

ផ្អែកតាមមូលដ្ឋាននៃការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករធ្វើការងារនៅក្រៅប្រទេសកាលពីឆ្នាំ២០១៩ ដែលមានប្រមាណ២ពាន់៨រយលានដុល្លារអាមេរិកនោះ ឃើញថា តួលេខធ្លាក់ចុះនៃការផ្ញើប្រាក់មកស្រុកកំណើតប្រមាណជាង១៥% ដូចដែលបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ ADB នោះ គឺត្រូវនឹងទំហំទឹកប្រាក់ប្រមាណ ៤២០លានដុល្លារអាមេរិក។ មានន័យថា នៅឆ្នាំ២០២០នេះ ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករកម្ពុជាដែលបានទៅធ្វើនៅក្រៅប្រទេសនោះ នឹងបាត់បង់ប្រមាណ ៤២០លានដុល្លារដោយ ក្នុងនោះ ភាគច្រើនជាប្រាក់ដែលពលករផ្ញើមកពីប្រទេសថៃ ដោយសារតែមានពលកររាប់ម៉ឺននាក់បានត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញនៅអំឡុងពេលកូវីដ-១៩នេះ។


ទោះយ៉ាងណា បើតាមប្រភពព័ត៌មានក្នុងស្រុកថៃ បានឲ្យដឹងដែរថា ថ្មីៗនេះ អាជ្ញាធរថៃ បានរៀបចំឲ្យពលករខ្មែរអាចចូលទៅធ្វើការនៅក្នុងប្រទេសថៃវិញហើយ ប៉ុន្ដែត្រូវគោររពតាមបទបញ្ជាទាក់ទងនឹងការគ្រប់គ្រងពីសុខភាព។ ទោះយ៉ាងណា តាមប្រភពព័ត៌មាននៅប៉ុន្មានសប្ដាហ៍មកនេះ អាជ្ញាធរថៃបានចាប់ឃាត់ខ្លួនពលករចំណាកស្រុកចូលទឹកដីថៃ ខុសច្បាប់រាប់រយនាក់ផងដែរ។


នៅក្នុងរបាយការណ៍របស់ ADB ដែលមានចំណងជើងថា «ផលប៉ះពាល់កូវីដ-១៩ មកលើការធ្វើចំណាកស្រុកអន្តរជាតិ ការផ្ញើប្រាក់មកស្រុកកំណើត និងគ្រួសារអ្នកទទួលប្រាក់ នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍អាស៊ី» បានបញ្ជាក់ថាវិបត្តិសេដ្ឋកិច្ច ដែលបានបណ្ដាលមកពីមេរោគរាតត្បាតកូវីដ-១៩ បានគំរាមកំហែងដល់ការងារ និងសុខាមាលភាព នៃអ្នកចំណាកស្រុកអន្តរជាតិជាង៩១លាននាក់ពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក។


របាយការណ៍ដដែលបានបន្ថែមថា ការផ្ញើប្រាក់មកស្រុកកំណើតសរុបរបស់ពលករចំណាកស្រុកអន្តរជាតិ មកកាន់តំបន់អាស៊ី ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ចន្លោះពី ជាង៣១ពាន់លានដុល្លារ សម្រាប់សេណារីយ៉ូមូលដ្ឋាន ទៅដល់ជាង៥៤ពាន់លានដុល្លារ សម្រាប់សេណារីយ៉ូ អាក្រក់បំផុត នៅឆ្នាំ២០២០នេះ ដែលវាត្រូវជាអត្រាធ្លាក់ចុះ ចន្លោះពី ជាង១១% ទៅ ជិត២០% នៃចំនួនប្រាក់ដែលត្រូវផ្ញើមកស្រុកកំណើតរបស់ពលករចំណាកស្រុកអន្តរជាតិទាំងអស់។


នៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វីលីពីន គឺមានការប៉ះពាល់ខ្លាំងជាងគេ ដែលមានការធ្លាក់ចុះប្រាក់ផ្ញើមកស្រុកកំណើតរបស់កម្មករចំណាកស្រុកនេះ ប្រមាណ ជាង២០% , វៀតណាម ធ្លាក់ចុះ ១៨,១% , ឡាវធ្លាក់ចុះ ១៦,៣% , ថៃធ្លាក់ចុះ ១៥,៨% និងប្រទេសកម្ពុជាធ្លាក់ចុះ ១៥,៤%។


តាមការរាយការណ៍ពីភ្នាក់ងារព័ត៌មានជាតិវៀតណាម VNA បានឲ្យដឹងដែរថា ពលករចំណាកស្រុករបស់កម្ពុជាដែលធ្វើការនៅកូរ៉ូខាងត្បូង និងជប៉ុន បានផ្ញើប្រាក់មកស្រុកកំណើតប្រមាណ ១៣លានដុល្លារអាមេរិកតាមរយៈធនាគារអេស៊ីលីដា នៅពាក់កណ្ដាលឆ្នាំ២០២០នេះ មានការធ្លាក់ចុះជាង១លាន៤សែនដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


របាយការណ៍ក្រសួងការងារបានឲ្យដឹងថា កាលពីឆ្នាំមុន កម្ពុជាមានពលករ១លាន២សែននាក់ ធ្វើការនៅក្នុងប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ហុងកុងប្រទេសចិន ម៉ាឡេស៊ី និងអារ៉ាប់ប៊ីសាអូឌីតជាដើម ដែលពួកគេទាំងនោះ បានផ្ញើប្រាក់មកស្រុកកំណើតប្រមាណ ២ពាន់៨រយលានដុល្លារអាមេរិក កើនឡើងពី ១ពាន់៤រយលានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024