ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ក្រសួងសាធារណការ រំលឹកម្ចាស់រថយន្តឈ្នួល និងអ្នកដំណើរ អនុវត្តវិធានការពារកូវីដ១៩ អំឡុងថ្ងៃឈប់សងចូលឆ្នាំ

១១ សីហា ២០២០ | ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់សមាគមដឹកជញ្ជូនអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបររថយន្ត និងអ្នកបម្រើភ្ញៀវលើរថយន្ត ព្រមទាំងអ្នកដំណើរទាំងអស់ដែលត្រូវធ្វើដំណើរនៅថ្ងៃឈប់សងបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ២១ ខែសីហាខាងមុខនេះ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩។

 


ក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ បានអំពាវឲ្យអ្នកដំណើរជៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈដែលផ្ទុកមនុស្សច្រើន។ ប្រសិនបើជាករណីចាំបាច់ត្រូវប្រើប្រាស់មធ្យោបាយសាធារណៈ ដោយត្រូវពាក់ម៉ាស រក្សាគម្លាតពីគ្នាឲ្យបានមួយម៉ែត្រកន្លះ ហើយត្រូវយកអាល់កុល ឬទឹកលាងដៃតាមខ្លួន។ ក្រសួងក៏បានសំណូមពរឲ្យពលរដ្ឋកុំធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព។

 


សម្រាប់អ្នកបើកបរ ក្រសួងសាធារណការបានណែនាំឲ្យបើកបង្អួចរថយន្តឲ្យមានខ្យល់ចេញចូល កាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ លាងសំអាតរថយន្តជាប្រចាំដោយប្រើសាប៊ូ និងអាល់សំអាតនៅតាមធ្នាក់កៅអី និងទីតាំងដែលមនុស្សប៉ះពាល់។ អ្នកបើកបរត្រូវលើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស និងមានអាល់កុល ឬជែលលាងដៃ ដើម្បីឲ្យអ្នកដំណើរសម្អាតដៃមុនពេលឡើងលើរថយន្ត។ ក្រសួងបានបន្ថែមទៀតថា សម្រាប់អ្នកបើកបរដែលមានរោគសញ្ញាគ្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវផ្អាកការបើកបរជាបណ្តោះអាសន្ន ហើយត្រូវទៅមន្ទីរពេទ្យរដ្ឋដើម្បីពិនិត្យសុខភាព។


ជាមួយគ្នានេះ ក្រសួងសាធារណការក៏បានគូសបញ្ជាក់ដែរថា អ្នកបើកបរមានហានិភ័យខ្ពស់ ដោយសារមានការជួបជាមួយមនុស្សច្រើន ដូច្នេះ ត្រូវចេះការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ និងមេរោគផ្សេងៗ៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024