ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងអប់រំ អនុញ្ញាតឲ្យបើកសាលារៀនថ្នាក់ទី៩ និងថ្នាក់ទី១២ នៅខែកញ្ញាខាងមុខ

១១ សីហា ២០២០ | ព័ត៌មានជាតិ

បន្ទាប់ពីខកខានការសិក្សា មួយរយៈពេល ដោយសារជំងឺកូវីដ១៩ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឲ្យសាលារៀនរដ្ឋ នៅថ្នាក់ទី៩ និងថ្នាក់ទី១២ បើកបង្រៀនឡើងវិញ នៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២០ ខណៈប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប ថ្នាក់ជាតិ នឹងធ្វើឡើង នៅខែធ្នូ ឆ្នាំ២០២០។

 


តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី ១០ខែសីហានេះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ នៃគ្រឹះស្ថានសាធារណៈចូលរៀន នៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំឡុងខែសីហា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច ដោយមានសិស្ស១៥នាក់ក្នុងមួយថ្នាក់ ហើយគោរពតាមវិធាន អនាម័យរបស់ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡង។


ក្នុងន័យនេះ ក្រសួងអប់រំបញ្ជាក់ថា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ នៅខែធ្នូឆ្នាំ២០២០ខាងមុខ ។ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្សថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំសេចក្តីណែនាំតាមក្រោយទៀត។

 


ក្រសួងក៏បានលើកឡើងថា ជាមួយគ្នានេះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេល ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយកភូមិ(បាក់ឌុប) ដើម្បីចូលរួមការប្រឡងថ្នាក់ជាតិ នៅខែធ្នូឆ្នាំ២០២០ ជាមួយនឹងគ្រឹះស្ថានសាធារណៈ ។ ដោយឡែកវិទ្យាល័យនិងអនុវិទ្យាល័យទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីអនុវត្តកិច្ចការខាងលើ។


អ្នកនាំពាក្យក្រសួងអប់រំឯកឧត្ដម រស់ សុវាចារ បានអោយដឹងថា ជុំវិញដំណើរការបើកសាលារៀនថ្នាក់ទី៩និងថ្នាក់១២ឡើងវិញនេះ ក្រសួងអប់រំនឹងជម្រាបជូនបន្ថែមស្ដីពីយុទ្ធសាស្ត្របើកដណើរការសាលារៀនឡើងវិញទាំងបីដំណាក់កាល និងទិដ្ឋភាពពាក់ព័ន្ធនាពេលក្រោយ ធ្វើយ៉ាងណាអោយសមស្របតាមវិធានសុខភាពរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។ ចំពោះការប្រលងបាក់ឌុបសាលាឯកជនថ្ងៃទី២៧-២៨ខែសីហាត្រូវបានលុបវិញ ដោយទុកពេលអោយពួកគេបន្តរៀនសូត្រអនឡាញ និងស្វ័យសិក្សាត្រៀមប្រលង ទន្ទឹមនឹងការចូលរួមទប់ស្កាត់ បង្ហារការការរីករាលដាលជំងឺកូវីត១៩។

 


សូមបញ្ជាក់ថា តាំងពីពាក់កណ្ដាលខែមីនាឆ្នាំ២០២០មក ក្រសួងអប់រំបានចាប់ផ្ដើមប្រកាសបិទទ្វាគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនជាបន្តបន្ទាប់ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងរីករាលដាល់ជំងឺសកលកូវីត១៩ ដោយបង្វែរជាការសិក្សាតាមប្រព័ន្ធអនឡាញជំនួសវិញ និងខិតខំស្វ័យសិក្សា។ ទោះបីជាពភពលោកកំពុងស្ថិតការគំរាមកំហែងពីជំងឺកូវីត១៩យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុញ្ញាតឲ្យសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ នៃគ្រឹះស្ថានសាធារណៈចូលរៀន នៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំឡុងខែសីហា ឆ្នាំ២០២០នេះ៕

អត្ថបទ៖ សំ ជំនាញ    រូបភាព៖ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024