ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ចំនួន​អ្នក​​​​ដែល​​​​​​​​ឆ្លង​ជំងឺ​ខូវីដ​១៩​​សរុប​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់​ជាង២០​​​លាន​​​នាក់​​

 

 

ពាក់​ព័ន្ធ​នឹង​ជំងឺ​ខូវីដ​១៩  គិតត្រឹមល្ងាចថ្ងៃច័ន្ទ ​​​ចំនួន​អ្នក​ឆ្លង​​សរុប​នៅ​ទូទាំង​​​​​​ពិភពលោក ​​កើន​​ដល់​ជាង២០​លាន​នាក់​ (20,026,161)​,​​​ ​ចំណែក​​អ្នក​ស្លាប់​កើន​​​ដល់​ជាង​៧​សែន ៣ម៉ឺន​​​នាក់​​​​​​ (734,020)​​​​។ ​មាន​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បន្ទាប់​ពី
​រដ្ឋាភិបាល​​រុស្ស៊ី​​ថ្លែង​ដោយ​មោទនភាព​ថា​ខ្លួន​​នឹង​ក្លាយ​​​​​ជា​ប្រទេស​​​ដែល​​​ផលិត​វ៉ាក់សាំង​​ជំងឺ​ខូវីដ​១៩​ បាន​សម្រេច​មុន​គេ​នៅ​លើ​ពិភពលោក​​។ ជាក់ស្ដែង​ រុស្ស៊ី​អះអាង​ថា​ខ្លួន​​អាច​​​​ផលិត​បាន​វ៉ាក់​សាំង​ក្នុង​ទ្រង់​ទ្រាយ​ធំ​ត្រឹម​ដើម​ខែ​​តុលា​ខាង​មុខ​នេះ​។​

 


បើ​គេ​ពិនិត្យ​មើល​ស្ថានការណ៍​​​នៅ​ទ្វីប​អាស៊ី​​មុនគេ​។​ ​ក្រសួង​សុខាភិបាល​​ថៃ​​មិនបាន​រក​ឃើញ​អ្នក​ឆ្លង​​​ជំងឺ​ខូវីដ​១៩​ថ្មី​ទេ​ នៅ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​កន្លង​ទៅនេះ​​​។​ ចំណែក​នៅវៀតណាម ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៣១នាក់ និង​ស្លាប់​២នាក់​​ ដែល​ធ្វើ​ឲ្យ​អ្នកឆ្លង​សរុប​កើនដល់​​​៨៤១​នាក់​ និង​ស្លាប់​​​​១៣នាក់​។ ​​​​នៅ​ក្នុង​កិច្ច​ប្រជុំ​កាលពី​ពេល​ថ្មីៗ​នេះ, ​វៀតណាម​បាន​និយាយ​ក្រើន​រំឭក​​​​​ឲ្យ​​​ប្រុង​ប្រយ័ត្នជា​បន្ត​ទៀត​​​​​​។ ជា​ពិសេស គេ​ត្រូវ​​បង្កើន​ការ​តាម​ដានជន​សង្ស័យ​​ ដោយ​បច្ចេកវិទ្យា​​​ទំនើប។​

 

 

 

 

នៅ​ប្រទេស​ចិន ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៤៩នាក់ និងស្លាប់​២​នាក់​​។ ក្នុងនោះ ៣៥នាក់​ជា​ករណី​នាំ​ចូល​។ ចំពោះ​​​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​សុទ្ធ​តែ​កើត​មាន​នៅ​​ខេត្ត​ស៊ីនជាំង​​​។​ សព្វ​ថ្ងៃនេះ​ ​​ប្រទេស​ចិន​នៅសល់​អ្នក​ជំងឺ​​៨០២​នាក់​។

 

នៅ​ហ្វ៊ីលីពីន, រដ្ឋាភិបាល​​​ត្រៀម​​បើក​យុទ្ធនាការ​​​ចែក​ម៉ាស់​​​១​លាន​បន្ទះ នៅទីក្រុង​ម៉ានីឡា​​ ដើម្បី​កាត់​បន្ថយ​ជំងឺ​ខូវីដ​១៩។ ប្រទេស​នេះ​​នៅ​តែ​បន្ត​គ្រប់​គ្រង​តំណែង​លេខ​មួយ​នៅ​អាស៊ីអាគ្នេយ៍​ខាង​ចំនួន​អ្នក​ឆ្លង ដែល​មាន​ប្រមាណ​​​១សែន ៣ម៉ឺន​នាក់​​។

 

នៅ​កូរ៉េ​ខាង​ត្បូង, ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​២៨នាក់​។ ក្នុងនោះ ១១​​នាក់​រស់នៅ​ទីក្រុង​សេអ៊ូល​។​ គេ​សង្កេត​ឃើញ​ថា​អត្រា​ជា​សះ​ស្បើយ​ឡើង​វិញ​ នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​ខូវីដ​១៩ ​មាន​កម្រិត​ខ្ពស់ ​រហូត​ដល់​ទៅ​៩៣%​ឯណោះ​​។​

 

 

 

 

នៅ​អូស្ត្រាលី, អាជ្ញាធរ​រក​ឃើញ​អ្នក​ឆ្លង​៣២២នាក់​ និង​ស្លាប់​​​១៩នាក់​​នៅ​​​រដ្ឋ​វីកថូរៀ​​​​។ ​នេះ​ជា​​​អត្រា​មរណភាព​​ប្រចាំ​​​ថ្ងៃ​ដែល​​​​ខ្ពស់​បំផុត​​​​។​ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ប្រកាស​បិទ​​​រដ្ឋ​ និង​សហគមន៍​នានា​ជា​បន្ត​ទៀត​ រហូត​ដល់​​ថ្ងៃ​បុណ្យ​គ្រីសស្មាស់​​​​​។

 

បើ​គេ​ងាក​មក​តាម​ដាន​ស្ថានការណ៍​​​នៅ​​ទ្វីប​អាមេរិក​​វិញ​ម្ដង​។ ចំនួន​អ្នក​ឆ្លង​ខូវីដ​១៩​នៅ​សហរដ្ឋ​អាមេរិក​កើនដល់​ជាង​៥លាន ១​សែន​នាក់​ (5,199,444), ចំណែក​អ្នក​ស្លាប់​កើនដល់​ជាង​​​​១សែន ៦​ម៉ឺន​នាក់ (165,617)។ ​ប្រទេស​ដទៃ​ទៀត​ដូចជា​​៖ ប្រេស៊ីល ម៉ិកស៊ីកូ និង​វេណេហ្ស៊ូអេឡា​ នៅតែ​​​មាន​អត្រា​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​​ជានិច្ច​​។​ ប្រធានាធិបតី​ម៉ាឌូរ៉ូ​ប្រកាសដាក់​ប្រទេស​នៅ​ក្នុង​គ្រាប្រុង​ប្រយ័ត្ន​រយៈ​ពេល​៣០​ថ្ងៃ បន្ទាប់ពី​អត្រា​ឆ្លង​ពី​ប្រទេស​ដទៃ​ចូល​ក្នុង​ប្រទេស​វេណេហ្ស៊ូអេឡា​ហក់​ឡើង​ខ្ពស់​៕

 

 

 

ប្រែសម្រួល៖ អន​ សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024