ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

យុវជន និងកុមារ ២៨រូប ចូលរួមព្រឹត្តិការណ៍វាយកូនបាល់ Tennis Academy

១០ សីហា ២០២០ | កីឡា

យុវជន និងកុមារចំនួន ២៨រូប មកពីខេត្តបាត់ដំបង កែប សៀមរាប និងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែសីហា ២០២០ បានចូលរួមប្រកួតកីឡវាយកូនបាល់ ព្រឹត្តិការណ៍ Tennis Decathlon Academy  ខែទី២ ឆ្នាំ២០២០។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នៅក្លិបកីឡា Cambodian Country Club។

 


ប្រធានកម្មវិធីបណ្តុះបណ្តាលយុវជន នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក Tep Jonathna  បានឱ្យដឹងថា មូលហេតុចម្បងដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រៀបចំការប្រកួតផ្តោតលើកុមារ និងយុវជន ក៏ព្រោះសហព័ន្ធមានបំណងអភិវឌ្ឍន៍កីឡាវាយកូនបាល់កម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពពួកគេ ឱ្យក្លាយជាកីឡាករអាជីពទៅអនាគត។

 


«ក្នុងព្រឹត្តិការណ៍ដែលរៀបចំថ្ងៃនេះ មានកីឡាករ កីឡាការិនី ដែលជាកុមារ និងយុវជនចំនួន២៨រូបចូលរួមការប្រកួតរបស់យើង។ ខ្ញុំគិតថា វាជាការប្រកួតដ៏ល្អមួយ ព្រោះមានក្លិបចូលរួមច្រើនជាងមុន ឯការប្រកួតក៏មានកម្រិតរាងខ្ពស់ជាងមុនដែរ។ ការប្រកួតប្រជែងសម្រាប់កុមារ និងយុវជននេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាយើង ព្រោះថាបើយើងចង់ឱ្យកីឡាវាយកូនបាល់យើងអាចប្រកួតទៅរួចជាមួយគេ និងជោគជ័យ គឺយើងចាំបាច់ត្រូវតែមានការប្រកួតពីចំណុចចាប់ផ្តើមបែបហ្នឹងងទៅ។ ឧទាហរណ៍ថា ហាត់រៀងរាល់ថ្ងៃតែគេគ្មានការប្រកួត ក៏ពួកគេមិនរីកចំរើនដែរ អ៊ីចឹងហើយទើបយើងសម្រេចរៀបចំការប្រកួតសម្រាប់ពួកគេ »។

 


ព្រឹត្តិការណ៍ Tennis Decathlon Academy  ឆ្នាំ២០២០ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានដាក់៥ប្រភេទវិញ្ញាសាឱ្យប្រកួតប្រជែង។ វិញ្ញាសាទាំង៥នោះមានដូចជា៖ វិញ្ញាសាយុវជន អាយុក្រោម១៨ឆ្នាំ កុមារីអាយុក្រោម១៦ឆ្នាំ និងវិញ្ញាសាកុមារាអាយុក្រោម១៤, ១២ និង១០ឆ្នាំ។


គួរបញ្ជាក់ថា ក្រៅពីការប្រកួត កុមារនិងយុវជន នៅពាកកណ្តាល់ខែសីហាឆ្នាំ២០២០ខាងមុខនេះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក៏នឹងត្រៀមរៀបចំ ការប្រកួតសម្រាប់ក្រុមឈុតធំ ឬ Tennis Decathlon Open មួយបន្ថែមទៀតផងដែរ៕ 

អត្ថបទ និងរូបភាព៖ ងិន មករា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024