ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ឡុង សុផា ប្រាប់យុទ្ធសាស្រ្តយកឈ្នះ ផាន់ សុវណ្ណ គ្រងជើងឯកម៉ារ៉ាតុន នៅ PNN

១០ សីហា ២០២០ | កីឡា

ក្រោយក្លាយជាជើងឯក ម៉ារ៉ាតុន ទម្ងន់៦៧គីឡូក្រាម កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី០៩ ខែសីហា សិស្សក្លិបប្រដាល់ សាលវ័ន្តគុនខ្មែរ ឡុង សុផា រៀបរាប់ពីការប្រើយុទ្ធសាស្រ្តប្រយុទ្ធ យកឈ្នះអ្នកប្រដាល់ចាស់វស្សា ផាន់ សុវណ្ណ ថា ខ្លួនបានព្យាយាមប្រើជើងធាក់ទប់ស្កាត់ និងវាយប្រយោល ដោយមិនចូលកៀក ដើម្បីឆក់ឱកាសវាយសន្សំពិន្ទុ លើរៀមច្បងមកពីក្លិបប្រដាល់នាគរាជចតុមុខ រូបនេះ វគ្គផ្ដាច់ព្រ័ត្រ។

 


ប្រាប់ភីអិនអិន ក្រោយចប់ការប្រកួត ម្ចាស់ពាន ទម្ងន់៦៧ គីឡូក្រាម អធិរាជគុនខ្មែរ ISI PALM-ISI PIPE ឲ្យដឹងបែបថា៖ «ពីរប្រកួតហ្នឹង ពិបាកជាងគេ គឺ ផាន់ សុវណ្ណ ព្រោះពេលយើងជ្រោមជើងធាក់ គាត់ចេះឆាកចេះអី ហើយគាត់ម៉ាត់មកខ្លាំងៗ។ ការយកឈ្នះគាត់មិញ ខ្ញុំព្យាយាមជ្រោមជើងធាក់ គឺឈ្នះដោយធាក់។ បើចូលវ៉ៃដៃជាមួយគាត់ អាចអត់ឈ្នះគាត់ទេ។ ក្បាច់ហ្នឹង គ្រូបោះព្រុយយ៉ុង ហើយធាក់តាមគាត់។ កាលប្រកួតជាមួយ គង់ ឧត្តម ក៏ពិបាកដែរ។ គាត់ល្អទាំងដៃ គាត់ល្អទាំងជង្គង់ ប៉ុន្តែគាត់រាងខ្លាចៗមុខដែរ»។

 


ជើងខ្លាំងទម្ងន់ធ្ងន់រលកថ្មី រូបនេះ បន្ថែមថា ការគ្រងជើងឯក ម៉ារ៉ាតុន នៅភីអិនអិន ជាជោគជ័យធំ និងដំបូងបំផុត ក្នុងអាជីពប្រដាល់របស់ខ្លួន ហើយក៏ជាកម្លាំងចិត្ត បន្តដុសខាត់សមត្ថភាពឲ្យកាន់តែខ្លាំងក្លា នាពេលខាងមុខផងដែរ។

 


សូមបញ្ជាក់ថា ឡុង សុផា ក្លាយជាម្ចាស់ជើងឯក ម៉ារ៉ាតុន ទម្ងន់៦៧គីឡូក្រោម សប្ដាហ៍ទី៥ កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី០៩ ខែសីហា ដោយយកឈ្នះពិន្ទុ គង់ ឧត្តម វគ្គជម្រុះ និងបន្តដណ្ដើមជ័យជម្នះលើ អ្នកប្រដាល់ជើងចាស់ ផាន់ សុវណ្ណ វគ្គផ្ដាច់ព្រ័ត្រ។ លើសង្វៀនតែមួយ បឺត សង្ឃឹម ស្មើពិន្ទុ លៀប រដ្ឋា ខណៈ ខាំ ខ្លានាង បន្តឈ្នះ ហ៊ីម សេរី ជាលើកទី៣ជាប់គ្នា៕

អត្ថបទ និងរូបភាព៖ នូ ពៅ 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024