ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ រាយការណ៍ពីក្តីបារម្ភ ចំពោះស្ត្រីកងទ័ពមួកខៀវ ដែលទើបរកឃើញវិជ្ជមានកូវីដ ក្រោយចប់ចត្តាឡីស័ក

១០ សីហា ២០២០ | ព័ត៌មានជាតិ

ស្ត្រីរូបនោះបានប៉ះពាល់ចាស់ៗ និងអ្នកភូមិជាច្រើនដែលធ្វើអោយមានក្តីបារម្ភជាខ្លាំង។ នេះបើតាមលិខិតរបស់ចៅសង្កាត់សិត្បូ។ 


នៅក្នុងលិខិតជូនអភិបាលក្រុងតាខ្មៅ នៅថ្ងៃទី ១០ ខែ សីហានេះ ចៅសង្កាត់សិត្បូបានលើកឡើងថា ស្ត្រីផ្ទុកកូវីដ-១៩រូបនោះ បានមកដល់ផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ កាលពីថ្ងៃទី ៣០ ខែ កក្កដា ហើយពេលទៅដល់ផ្ទះ គាត់បានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹកថែមទៀត។ 

 

 

នៅក្នុងលិខិតបន្តថា បន្ទាប់មកសាមីខ្លួនមានអាការៈក្តៅខ្លួន បានទៅអោយពេទ្យនៅជិតផ្ទះពិនិត្រ ចាក់ថ្នាំ និងផ្សំថ្នាំអោយ។ ដោយជំងឺមិនធូរស្រាល សាមីខ្លួនបានទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យជ័យជម្នះ តែលទ្ធផលអវិជ្ជមានទៀត។ លុះពីរថ្ងៃក្រោយមក ដោយមានអាការៈក្តៅខ្លួនខ្លាំង និង ហៀរសំបោទើបស្ត្រីរូបនោះ ទៅធ្វើតេស្តនៅមន្ទីរពេទ្យជ័យជំនះម្តងទៀត ហើយលទ្ធផលចេញមកវិជ្ជមាន។

លោកចៅសង្កាត់បានលើកឡើងថា បច្ចុប្បន្នពលរដ្ឋមានការបារម្ភជាខ្លាំង ដោយអ្នកជំងឺបានប៉ះពាល់ជាមួយអ្នកជិតខាងជាច្រើន។

 

 

បែបណាក្ដី លោកជំទាវ ឪ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីពេលថ្ងៃត្រង់នេះ បានឲ្យដឹងតាមទូរទស្សន៍ក្នុងស្រុកមួយថា ស្ត្រីជាកងទ័ពមួកខៀវរូបនេះ បច្ចុប្បន្នត្រូវក្រសួងសុខាភិបាលយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតហើយ។

លោកជំទាវបានបញ្ជាក់ទៀតថា តាមការសាកសួរផ្ទាល់របស់មន្ត្រីជំនាញសុខាភិបាលបានឲ្យដឹងថា នៅមុនពេលដែលស្ត្រីរូបនេះ មិនទាន់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ស្ត្រីរូបនេះ គាត់មិនបានដើរទៅទីណាទេ គឺគាត់សម្រាកនៅក្នុងផ្ទះ ដែលមានសមាជិកគ្រួសារចំនួន៤នាក់ផ្សេងទៀត ហើយក្នុងការស្នាក់នៅក្នុងផ្ទះ ស្ត្រីរូបនេះ មិនបានប៉ះពាល់ផ្ទាល់ ឬ ប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារទាំង៤នាក់នេះឡើយ គឺគាត់ស្នាក់នៅដាច់ដោយឡែកតែម្នាក់ឯងគត់៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024