ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ ៤៣ នាក់​ក្នុង​គ្រោះ​ថ្នាក់​រអិល​បាក់​ដី​នៅ​ប្រទេស​ឥណ្ឌា​

 

 

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​រអិល​បាក់​ដី​នៅ​ចម្ការ​ដើម​តែ​មួយ​កន្លែង​នៅ​រដ្ឋ​កេរ៉ាឡា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​បាន​ឡើង​ដល់​ ៤៣ នាក់​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ខណៈ​ដែល​មនុស្ស​ចំនួន​ ២៤ ​នាក់​ទៀតអាច​កំពុង​​ជាប់​នៅ​ក្រោម​ដី​។​


មូល​ដ្ឋាន​បាន​និយាយ​ថា គ្រោះ​ថ្នាក់​​រអិល​បាក់​ដី​បណ្ដាល​មក​ពី​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​​បាន​កើត​ឡើង​នៅ​ចម្ការ​ដើម​តែ​ដែល​ស្ថិត​នៅក្នុង​​ស្រុក​អ៊ីឌូគីនៅ​រដ្ឋ​កេរ៉ាឡា​​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នៅពេល​កម្មករ​​នៅ​កំពុង​លង់​លក់​ក្នុង​ដំណេក​នៅ​ឡើយ​នោះ​។​

 

 

 


តាំង​ពី​គ្រោះ​ថ្នាក់​នោះ​បាន​កើត​ឡើង​ ​ក្រុម​អ្ន​ក​ជួយ​សង្គ្រោះ​បាន​​បន្ត​ប្រតិ​បត្តិ​កា​ររបស់​ខ្លួន​រហូត​ដល់​ពេញ​មួយ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​បាន​បញ្ជាក់​ប្រាប់​ទី​ភ្នាក់​ងារ​រ៉យ​ទ័រ​ថា រហូត​មក​ដល់​ពេល​នេះ ​គេ​បាន​រក​ឃើញ​សាកសព​​ចំនួន ៤៣ នាក់​ហើយ​​។
​អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ឥណ្ឌា​លោក វី មូរ៉ា​លីដ​ហារ៉ាន​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ខណៈ​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​បន្ត​​ស្វែង​រក​អ្នក​ដែល​អាច​រួច​ផុត​ពី​គ្រោះថ្នាក់​នេះ​ជា​បន្ត​ទៀត​។​​

 

 

 

 

 

នាយក​ដ្ឋាន​ឧតុនិយម​ប្រទេស​ឥណ្ឌា​បាន​ចេញ​សញ្ញា​ប្រកាស​អាសន្ន​ចំពោះ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​រួម​ទាំង​ស្រុក​អ៊ីឌូគី​នេះ​ផង​ដែរ​  ហើយ​គួរ​រំលឹក​ដែរ​ថា កាល​ពីឆ្នាំ​២០១៨​ រដ្ឋ​កេរ៉ាឡា​បាន​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ ១ ​សត​វត្សរ៍​ដោយ​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ដែល​ក្នុង​នោះ​ភាគ​ច្រើន​គឺ​ប្រជា​ពល​រដ្ឋ​នៅ​​ស្រុក ​អ៊ីឌូគី ​នេះ​តែ​ម្ដង​៕

 

 


ប្រែសម្រួល៖SN

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024