ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

កម្ពុជា មានអ្នកកើតជំងឺគ្រុនឈាម ជាង ៥ ០០០ ករណី និង គ្រុនឈីក ជាង ១ ៧០០ ករណី

១០ សីហា ២០២០ | ព័ត៌មានជាតិ

គិតត្រឹមថ្ងៃនេះ កម្ពុជា មានអ្នកជំងឺគ្រុនឈាម ជាង ៥ ពាន់ករណី និង ស្លាប់ ៥ នាក់ ហើយ លើសពីនេះទៅ ក៏នៅមានអ្នកកើតជំងឺគ្រុនឈីក ជាង ១ ៧០០ ករណីផ្សេងទៀត។ មន្ត្រីជំនាញ បានបញ្ជាក់ឡើងវិញថា ដើម្បីកុំឱ្យកើតជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក គឺត្រូវធ្វើយ៉ាងណា កុំឱ្យមូសខ្លាញីខាំ ព្រោះជំងឺទាំង ២ ប្រភេទនេះ កើតឡើងដោយសារ មូសខ្លាញី ខាំ។

 


ជំងឺគ្រុនឈាម នៅទូទាំងប្រទេស កម្ពុជា បានកើនឡើងដល់ជាង ៥ ពាន់ករណីហើយ ដែលក្នុងនោះមានអ្នកស្លាប់ ៥ ករណី ។ ចំពោះអ្នកស្លាប់ទាំង ៥ ករណីនោះ ដោយសារមូលហេតុដូចគ្នាទាំងអស់ គឺការយកអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋយឺតពេល ដោយសារពួកគេនៅរេរាអែរអង់ព្យាបាលដោយខ្លួនឯង និង ព្យាបាលតាមគ្លីនិកឯកជន លុះដល់ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ទើបយកទៅមន្ទីរពេទ្យរដ្ឋ គឺវាយឺតពេលទៅហើយ ។ នេះបើតាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត លាង រិទ្ធី នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃ មជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ នៃ ក្រសួងសុខាភិបាល ដែលបានប្រាប់ PNN តាម តេឡេហ្ក្រាម នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២០ នេះ ហើយចំនួននេះ គឺបានកើនឡើងលឿនគួរឱ្យកត់សម្គាល់ ខណៈកាលពីដើម ខែ កក្កដា មុននេះ  នៅទូទាំងប្រទេស កម្ពុជា មានអ្នកកើតជំងឺគ្រុនឈាម ត្រឹម ជាង ៣ ១០០ ករណី និង ស្លាប់តែ ២ ករណី ។

 


ម្យ៉ាងទៀត ក្រៅពីជំងឺគ្រុនឈាម ទៅ ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បាន និង កំពុងមមាញឹក ក្នុងការដោះស្រាយបញ្ហាជជំងឺគ្រុនឈីក ដែលបាន និង កំពុងកើតមាននៅ ១៥ ខេត្ត បណ្តាលឱ្យមានអ្នកជំងឺគ្រុនឈីកនេះជាង ១ ៧០០ នាក់ហើយ ហើយក្នុងនោះមខេត្ត ចំនួន ៥ ដែលផ្ទុះជំងឺគ្រុនឈីក ខ្លាំងជាងគេ គឺខេត្ត បន្ទាយមានជ័យ ខេត្ត សៀមរាប ខេត្ត តាកែវ ខេត្ត កណ្តាល និង ខេត្ត កំពង់ឆ្នាំង ។ ទោះយ៉ាងណាមិនមានអ្នកស្លាប់ដោយសារជំងឺ គ្រុនឈីក នេះទេ ។ 


បើតាមលោកវេជ្ជបណ្ឌិត លាង រិទ្ធី ជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក កើតឡើងដោយសារមូលហេតុដូចគ្នា គឺត្រូវមូសខ្លាញី ខាំ ហេតុនេះ ដើម្បី បង្ការជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ថែមទាំងបង្ការបាននូវជំងឺស៊ីកា មួយទៀតផងនោះ គឺត្រូវធ្វើយ៉ាងណា កុំឱ្យមូសខ្លាញី ខាំ ដែលវិធីលុបបំបាត់ និង បង្ការកុំឱ្យមូសខ្លាញី ខាំនេះ ត្រូវបានចេះដឹងជាទូទៅហើយ នៅឡើយតែការអនុវត្តមិនទាន់បានខ្ជាប់ខ្ជួន ។

 


ម្យ៉ាងទៀត លោកវេជ្ជបណ្ឌិត លាង រិទ្ធី បានផ្តាំផ្ញើយ៉ាងទទូចថា នៅពេលាននរណាម្នាក់ក្តៅខ្លួនចាប់ពី ៣៧ , ៥ អង្សាឡើងទៅ ត្រូវប្រញាប់យកទៅមន្ទីរពេទ្យរដ្ឋ កុំឱ្យហួសពី ២៤ ម៉ោង ហើយត្រូវចៀសវាងដាច់ខាត កុំព្យាយាមរកការព្យាបាលដោយខ្លួនឯង រួមទាំងការផ្សំថ្នាំនៅតាមគ្លីនិកឯកជនជាដើមផង ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ពុំនោះទេ គេអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែជំងឺគ្រុនឈាម ដូចជា ៥ ករណីខាងលើនេះស្រាប់ ៕

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024