ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

រោងភាពយន្តនៅទូទាំងរាជធានីភ្នំពេញ ចាប់មានដង្ហើមដកឡើងវិញហើយ 

១០ សីហា ២០២០ | កម្សាន្ដ

ទីបំផុតរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈជាធម្មតាវិញហើយ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសបិទសជាស្ថាពរកាលពីថ្ងៃទី១៧ ខែមិនាឆ្នាំ២០២០ ដោយសារបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩នៅកម្ពុជា។


យ៉ាងណាក៏ដោយការបើកនេះសម្រាប់តែរោងភាពយន្តនៅភ្នំពេញតែប៉ុណ្ណោះ ដោយឡែករោងភាពនយន្តនៅតាមបណ្ដាខេត្តត្រូវដាក់ពាក្យស្នើសុំមក នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ដើម្បីក្រុមការងារចុះត្រួតពិនិត្យមុនសម្រេចិត្តឱ្យបើកឡើងវិញ។

 


រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតិឱ្យរោងភាពយន្តនៅភ្នំពេញដំណើរការឡើងវិញ តែត្រូវអនុវត្តមានគោលការណ៍ដែលបានកំណត់ក្នុងសេចក្តីជូនពត៌មាននេះ។
ក្នុងលិខិតសេចក្តីជូនដំណឹងខាងលើបានគូសបញ្ជាក់ពីគោលការណ៍ដែលភាគីត្រូវអនុវត្តយ៉ាងច្បាស់ៗដូចខាងក្រោម៖ 


១. រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ដែលមានបំណងបើកដំណើរការ សកម្មភាពរបស់ខ្លួនឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីធានាការអនុវត្តនូវគោលការណ៍ស្តង់ដារ ប្រតិបត្តិឱ្យបានត្រឹមត្រូវ។


២. ការអនុញ្ញាតឱ្យបើកដំណើរការរោងភាពយន្ត និងរោងសម្ដែងសិល្បៈឡើងវិញ បន្ទាប់ពីរោងភាពយន្ត ឬរោងសម្ដែងសិល្បៈទាំងនោះបានត្រៀមរៀបចំខ្លួនរួចរាល់ និងប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលក្ខខណ្ឌតម្រូវ សុវត្ថិភាព ដូចមានចែងក្នុងគោលការណ៍ស្តង់ដារ ប្រតិបត្តិការពារការចម្លងវីរុសកូវីដ-១៩។


៣. ការបើកដំណើរការរោងភាពយន្ត និងរោងសម្ដែងសិល្បៈឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងចូលរួមសហការពេញលេញជាមួយក្រុមការងារចម្រុះរបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ដែលមានភារកិច្ចចុះត្រួតពិនិត្យតាមដានការអនុវត្ត គោលការណ៍ស្តង់ដារប្រតិបត្តិ និងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល។

 


ទន្ទឹមគ្នានឹងលិខិតដែលទើបចេញប្រកាស លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសមាសភាពមួយក្នុងគណៈកម្មការចម្រុះក្រសួងដែលបានចុះទៅត្រួតពិនិត្យផ្ទាល់ដល់ទីតាំង ដើម្បីធានាថារោងភាពយន្តទាំងអស់បានអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល កាលពីប៉ុន្មានថ្ងៃមុន បានឲ្យដឹងថា រហូតមកទល់ពេលនេះ មានរោងភាពយន្តធំៗចំនួន៣ដែលបានស្នើរសុំបើកដំណើរការឡើងវិញ យោងតាមការចុះត្រួតពិនិត្យផ្ទាល់ បានមើលឃើញថារោងភាពយន្តទាំងនោះគឺវិជ្ជមានក្នុងការបើកដំណើរការឡើងវិញ។


បន្ទាប់ពីចុះផ្ទាល់ដល់ទីតាំងរោងភាពយន្ត ក្នុងរោងភាពយន្តធំៗ៣មានសាខាចំនួន១២ផ្សេងទៀត បានដាក់ពាក្យស្នើរសុំហើយត្រូវអនុញ្ញាតឲ្យដំណើរការឡើងវិញ តែចាំបាច់ត្រូវគោរព និងអនុវត្តតាមគោលការណ៍ដែលក្រសួងបានចេញប្រកាសសាធារណៈ។ រោងភាពយន្តទាំង៣នោះរួមមាន Major Cineplex, Legend Cinema និង Prime Cineplex។


ក្រឡេកទៅមើលទំព័រហ្វេសប៊ុកផ្លូវការរបស់រោងភាពយន្តទាំង៣ឯណោះវិញ គេឃើញមានការបង្ហោះរូបថតពីការប្រកាសបើកឡើងវិញយ៉ាព្រោងព្រាត ចំណែកអ្នកគាំទ្រ និងអ្នកស្នេហាវិស័យភាពយន្ត ដែលទន្ទឹងរង់ចាំមកជាយូរ បាននាំគ្នាបញ្ចេញយោបល់អបអរសាទរផ្សេងៗគ្នាចំពោះការបើកដំណើរការវិញនៅពេលនេះ។


អត្ថបទ៖ រ៉ាត់ ចាន់ធីតា 

    
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024