ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សម ម៉ាណា មិនច្បាស់រឿងវិលវិញក្រោយសម្រាលកូនបានជាងមួយខែ !

១០ សីហា ២០២០ | កម្សាន្ដ

តារាសម្ដែងអ្នកនាង សម ម៉ាណា មិនទាន់ច្បាស់ពីគម្រោងវិលចូលសិល្បៈជាថ្មីនៅឡើយទេ បន្ទាប់ពីនាងសម្រាលបុត្របានជាង២ខែមក។


បន្ទាប់ពីសម្រាលកូនរួច សម ម៉ាណា តែងតែបង្ហាញរូបភាពជាច្រើនរបស់កូនស្រីខ្លួននៅលើ អ៊ីស្រ្តាក្រាម ដើម្បីឱ្យអ្នកគាំទ្រខ្លួនបានឃើញពីជីវិតពិតនាងថាជាមានក្តីសុខខ្លាំងក្រោយពីទទួលបានចំណងដៃកូនស្រីម្នាក់ ខុសប្លែកពីពេលដែលនាងចាប់ផ្តើមមានផ្ទៃពោះ នាងព្យាយាមមិនចង់បង្ហាញមុខ ឬឱ្យគ្រប់គ្នាបានដឹងនោះទេ ។

 


 ទោះជាយ៉ាងនេះក្តី មិនថាអ្នកគាំទ្រ ឬមិត្តភក្តិក្នុងនិងក្រៅសិល្បៈ ម្នាក់ៗបានសម្តែងការអបអរសាទរ និងជូនពរនាងមានសុខភមង្គលក្នុងគ្រួសារ  ។ 


សម ម៉ាណា ពិតជាមានសុភមង្គលក្រោយពីសម្រាលបានកូនស្រីម្នាក់ ពីព្រោះនាងមានបំណងចង់បានកូនជាយូរឆ្នាំមកហើយ អ្វីដែលពិសេសនោះនាងកាន់តែទទួលបានភាពកក់ក្តៅពីស្វាមី ។

 


ជាមួយគ្នានេះផងដែរ សម ម៉ាណា កំពុងលេចមុខនៅក្នុង MV ចម្រៀងមួយជាមួយលោក យ៉ែម សំអូន រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា សម ម៉ាណា សម្រាលកូនមិនបានប៉ុន្មានផង ស្រាប់តែវិលចូលសិល្បៈវិញទាំងនៅសរសៃខ្ចី ។ ចំពោះ MV ចម្រៀងនេះត្រូវបាន សម ម៉ាណា ប្រាប់ថា នាងបានថត MV នេះតាំងពីយូរមកហើយ តែចំពោះរឿងវិលចូលសិល្បៈឬយ៉ាងណានាងនៅពុំទាន់ដឹងនៅឡើយទេ ។

 


តាមពិត សម ម៉ាណា មានបំណងនឹងវិលចូលសិល្បៈវិញនៅពេលនាងរឹងដៃរឹងជើង តែស្វាមីនាងមិនចង់ឱ្យនាងវិលត្រឡប់មកវិស័យនេះវិញទេ គេចង់ឱ្យនាងមើលថែទាំកូនច្រើនជាង ដោយមិនឱ្យនាង ខ្វល់ពីរឿងសេដ្ឋកិច្ចឡើយ ៕   


អត្ថបទ ៖ ម៉ា រីសា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024