ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រេចបាន៥% 

០៧ សីហា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលនៃគណៈអភិបាល ប្រធានមន្ទីរ មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសផងដែរ។

 

 

សូមបញ្ជក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥.២៥០.១៦៨បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេល២៤ខែ គិតរហូតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នេះ គម្រោងនេះសម្រេចបានប្រមាណ៥%ហើយ។ 

 

 

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ការអនុវត្តគម្រោងនេះមានការយឺតយ៉ាវរយៈពេល២ខែធៀបនឹងកិច្ច សន្យា និងផែនការដែលបានកំណត់ ដោយសារកត្តាមេរោគកូវីដ១៩ និងរដូវភ្លៀង ប៉ុន្តែប្រធានក្រុមហ៊ុន សាងសង់បានប្តេជ្ញាបញ្ចប់គម្រោងនេះឱ្យចប់សព្វគ្រប់តាមកិច្ចសន្យានិងផែនការដែលបានគ្រោងទុក។

 

 

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនសាងសង់ថៃពន្លឿនការងារសាងសង់ របស់ខ្លួន និងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ដើម្បីរិះរកនីតិវិធីបើកច្រកស្ទឹងបត់នេះជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន ប៉ុន្តែត្រូវបំពេញឯកសារពាក់ព័ន្ធនៅ ច្រកទ្វារព្រំដែនប៉ោយប៉ែត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

 

 

គួរកត់សម្គាល់ថា ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជា ជាតិទាំងពីរផងដែរ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024