ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ការលក់រថយន្តរបស់ក្រុមហ៊ុន TOYOTA ប្រទេសថៃ ធ្លាក់ចុះខ្លាំង តែគ្មានគោលការណ៍កាត់បន្ថយបុគ្គលិក

០៦ សីហា ២០២០ | សេដ្ឋកិច្ច

នៅក្នុងរបាយការណ៍ប្រចាំឆមាសទី ១ ឆ្នាំ២០២០ របស់ក្រុមហ៊ុន TOYOTA បានបង្ហាញពី ការលក់នៅក្នុងស្រុក សម្រេចបានត្រឹមតែ ៩ម៉ឺនគ្រឿង ធ្លាក់ចុះ ៤៥% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈការនាំចេញទៅទីផ្សារក្រៅប្រទេស ក៏សម្រេចបានជាង ៩ម៉ឺនគ្រឿងដែរ ដោយបានធ្លាក់ចុះ ៣០%។


ទោះបីជា ការលក់រថយន្តរបស់ក្រុមហ៊ុន TOYOTA មានការធ្លាក់ចុះដោយសារតែ បញ្ហាមេរោគកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ អំណាចទិញ បាត់បង់ទំនុកចិត្តពីអតិថិជន និងមានការរឹតបន្តឹងចំពោះលក្ខខណ្ឌកម្ចីពី ធនាគារក៏ដោយ ក្រុមហ៊ុនមិនមានគោលការណ៍កាត់បន្ថយបុគ្គលិកនោះទេ ដោយចាត់ទុកពួកគេជា ទ្រព្យសម្បត្តិដ៏សំខាន់របស់ក្រុមហ៊ុនផងដែរ។


ដោយឡែកការលក់រថយន្តទូទាំងប្រទេសថៃ នៅក្នុងឆមាសទី១ គឺមានការធ្លាក់ចុះ ៣៧% មកនៅត្រឹម ៣សែនគ្រឿងប៉ុណ្ណោះ ហើយស្ថានភាពបែបនេះ បានជម្រុញឲ្យ ក្រុមហ៊ុនជាច្រើន ត្រួតពិនិត្យផែនការអាជីវកម្មឡើងវិញ ធ្វើយ៉ាងណាអាចប្រឈមនឹងបញ្ហានេះបាន។

 


យ៉ាងណាក៏ដោយ ក្រុមហ៊ុន TOYOTA ក៏បានផ្អាកដំណើរការរោងចក្រផលិតកម្ម របស់ខ្លួន អស់រយៈពេលជាង ១ខែ កាលពីខែមេសា ដល់ខែឧសភា ដោយសារតែ តំណាងចែកចាយ អះអាងថា គ្មានអតិថិជន មកកាន់ Showroom ទាល់តែសោះ។


គួរជម្រាបថា មុនពេលមានវិបត្តិកូវីដ១៩ ក្រុមហ៊ុន TOYOTA បានព្យាករណ៍ថា ការលក់រថយន្តសរុបនៅក្នុងប្រទេសថៃ នឹងសម្រេចបាន ៩សែនគ្រឿង ដោយក្នុងនោះការលក់រថយន្ត TOYOTA រំពឹងនឹងអាចសម្រេចបាន ៣សែនគ្រឿង ក៏ប៉ុន្តែគោលដៅនេះ ទំនងជាមិនអាចសម្រេចបានទេនៅក្នុងឆ្នាំនេះ៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024