ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មាន សូនីតា យកថ្ងៃកំណើតជាថ្ងៃធ្វើអ្វីៗសម្រាប់ភាពកក់ក្ដៅខ្លួនឯង

២៨ មេសា ២០២០ | កម្សាន្ដ

ប្លែកបន្តិចពី សិល្បករសិល្បការីនីជាច្រើន តែងតែយកថ្ងៃកំណើតរបស់ខ្លួនជួបជុំមិត្តភក្តិនិងបងប្អូន បង្ករបរិយាកាសរីករាយ តែបើគេក្រឡេកមកតារាស្រីញញឹមមានមន្តស្នេហ៍ មាន សូនីតា បែរជាសុខចិត្តយកថ្ងៃកំណើត ទៅសំងំនៅម្នាក់ឯងទៅវិញ ។ 

 

ឆ្នាំ ២០២០ នេះតារាសម្តែង និងបង្ហាញម៉ូដ មាន សូនីតា ឈានដល់វ័យ ៣០ ឆ្នាំហើយ ហើយនាង​ត្រូវ​បាន​ក្រុមអ្នកគាំទ្រ​មើលឃើញថា ក៏មានគំនិតចាស់ទុំជាងមុនច្រើនទាំងការស្លៀកពាក់ និង ការតុបតែងខ្លួន ។ ប៉ុន្តែរាល់ពេលនាងទៅដើរកំសាន្ត នៅតំបន់ឆ្ងាយៗទាំងក្នុងនិងក្រៅប្រទេស សំណព្វចិត្តរបស់​អ្នក​គាំទ្ររូប​នេះ តែងផ្តិតរូបភាពស្រស់ស្អាតជាច្រើនចែករំលែក ជាទីគយគន់។ ក្នុងនោះនាងក៏បានបង្ហោះរូបភាពផ្ទាល់ខ្លួនក្នុងឈុតហែលទឹកយ៉ាងសិចស៊ី អន្ទងចិត្តកំលោះៗមិនស្ទើរទេ ដោយទទួល បានការសរសើរយ៉ាងច្រើនពីសំណាក់ទស្សនិកជន ពីព្រោះនាងជាតារាស្រី ដែលឆោមសម្រស់ និង ដងខ្លួនស្រស់ស្អាតពីធម្មជាតិ ។ 

 

 

ថ្វីត្បិតតែតារាសម្តែង មាន សូនីតា មានវ័យ ៣០ឆ្នាំ តែរូបសម្រស់នាងនៅតែក្មេងជាងគួរជាទីគយគន់ ជាក់ស្តែងនាងនៅតែរក្សាតំណែងជាតួឯកស្រីក្នុងវិស័យភាពយន្ត បើទោះបីជាមានតារាថ្មីៗវ័យក្មេងកំពុងរីកដុះដាលក្តី។ ទីផ្សារការងារនាងនៅតែខ្លាំង ថ្មីៗនេះនាងទើបតែទទួលថតភាពយន្តជាបន្តបន្ទាប់ ។ 


មាន សូនីតា មិនត្រឹមតែជាតារាសម្តែង កំពុងក្រសោបភាពលេចធ្លោដ៏មានប្រជាប្រិយភាពប៉ុណ្ណោះទេ នាងថែមទាំងជាអ្នកច្នៃម៉ូដដ៏មានទេពកោសល្យម្នាក់។ ជីវិតកាងារនាងអាចនិយាយថាជោគជ័យ តែនិយាយដល់រឿងគូស្រករវិញនោះ មាន សូនីតា នៅពុំទាន់រៀបការដូចជាមិត្តភក្តិនៅឡើយទេ។ សូម្បីតែមុខមាត់ និង រូបរាងគូស្នេហ៍នាង ក៏នាងមិនទាន់បង្ហាញឱ្យទស្សនិកជនបានស្គាល់នៅឡើយទេ គឺទុកឲ្យអ្នកគាំទ្រ ឆ្ងល់តែម្ដង ។ មាន សូនីតា បានលើកឡើងថា ពេលនេះនាងនៅពុំទាន់ ចង់និយាយពីរឿងគូស្រករនៅឡើយទេ ។ 

 

 

ថ្វីត្បិតតែ មាន សូនីតា ជានារីទាន់សម័យ តែនៅក្នុងថ្ងៃកំណើតរបស់ខ្លួន នាងបែរជាចំណាយពេលវេលានៅតែម្នាក់ឯង ខុសប្លែកពីមិត្តភក្តិមួយចំនួនគេយកថ្ងៃពិសេសរនោះទៅជួបជុំ និងធ្វើពិធីធំដុំ ធ្វើឱ្យកក្រើកពេញពិភពសិល្បៈ ជា​ដើម​។

 

តារាស្រីល្បីល្បាញ ក្នុងការផ្សព្វផ្សាយមរតកក្រមាខ្មែរ មាន សូនីតា ពោលដោយញញឹមថា៖  «ថ្ងៃនេះ ខ្ញុំចង់ឲ្យខ្លួនឯងនៅជាមួយខ្លួនឯង។ អត់ចង់ធ្វើអ្វីសម្រាប់អ្នកដទៃទេ គឺខ្ញុំចង់បានថ្ងៃកំណើតខ្ញុំគឺសម្រាប់ខ្ញុំ និងនៅជាមួយខ្លួនខ្ញុំ ឲ្យបានច្រើន។ យើងយកថ្ងៃនេះធ្វើឲ្យខ្លួនឯងកក់ក្ដៅ គឺយើងធ្វើដើម្បីគេមកច្រើនហើយ ហេតុយើងមិនអាចយកថ្ងៃហ្នឹង ជាថ្ងៃសម្រាប់ខ្លួនឯងទៅ។ អញ្ចឹងខ្ញុំ ស៊ូយកថ្ងៃនេះ ទុកសម្រាប់ខ្លួនឯង រីកនិងបរិយាកាសម្នាក់ឯង ធ្វើអញ្ចឹងគឺខ្ញុំសប្បាយចិត្តជាង»។


 
មាន សូនីតា បានបន្ថែមទៀតថា អ្វីដែលនាងធ្វើនៅក្នុងថ្ងៃកំណើតគឺជាចំណងចំណូលចិត្ត ការនៅម្នាក់ឯងជាសេចក្តីសុខរបស់តារាស្រីដ៏មាន​មន្ត​ស្នេហ៍​រូប​នេះ ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024