ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អ្នកជំនាញ ព្រួយបារម្ភពី ភាពយឺតយ៉ាវរបស់ អាជីវកម្មនៅក្នុងប្រទេសវៀតណាម ក្នុងការទាញយកប្រយោជន៍ពី FTA ជាមួយសហភាពអឺរ៉ុប

០៦ សីហា ២០២០ | សេដ្ឋកិច្ច

អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅប្រទេសវៀតណាម បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបានចាប់ផ្តើមហើយ ចាប់ពីដើមខែសីហានេះ ក៏ប៉ុន្តែមានតែ ២% ប៉ុណ្ណោះនៃ សហគ្រាសក្នុងស្រុកជាង ៨ពាន់កន្លែង បានយល់ពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ហើយប្រមាណជា ២០% ទៀត គ្រាន់តែដឹងដំណឹងអំពី កិច្ចព្រមព្រៀងនេះប៉ុណ្ណោះ។


អ្នកជំនាញរូបនេះ បន្តថា អ្វីដែលសំខាន់ជាងនេះទៅទៀត គឺពួកគេត្រូវតែយល់ដឹងពី អត្ថន័យនៅក្នុងកិច្ចព្រមព្រៀងនេះ និងលក្ខខណ្ឌរបស់វា ជាពិសេស សម្រាប់សហគ្រាសវាយនភណ្ឌ ត្រូវតែដឹង នឹងសម្រេចចិត្តថាតើ គួរគោរពតាម ច្បាប់នៃប្រភពដើមឬអត់ ដើម្បីទទួលបានការអនុគ្រោះពន្ធពិសេសពី កិច្ចព្រមព្រៀងនេះ។


បច្ចុប្បន្ននេះ សម្ភារៈសំខាន់ៗសម្រាប់វិស័យវាយនភណ្ឌវៀតណាម គឺនាំចូលមកពី ប្រទេសចិន ដូច្នេះហើយ បើសិនជាមិនមានការផ្លាស់ប្តូរប្រភពអ្នកផ្គត់ផ្គង់ នោះទេ គឺមិនអាចបំពេញទៅតាមលក្ខខណ្ឌច្បាប់នៃប្រភពដើមនោះឡើយ


លើសពីនេះទៅទៀត ច្បាប់នៃប្រភពដើមរបស់ កិច្ចព្រមព្រៀងមួយនេះ គឺមានភាពស្មុគស្មាញខ្លាំងណាស់ ដូច្នេះហើយ កំឡុងពេលមានវិបត្តិកូវីដ១៩នេះ សហគ្រាសផលិតម៉ាសវៀតណាម មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីនាំចេញទៅកាន់តែ ទីផ្សារអឺរ៉ុបនោះទេ បើទោះបីជា មានតម្រូវការម៉ាស ច្រើនយ៉ាងណាក៏ដោយ។
បន្ថែមលើនេះ អាជីវកម្មជាច្រើន នៅតែពុំទាន់យល់ពី អនាម័យចំណីអាហារ និងលក្ខខណ្ឌសុវត្ថិភាព នៅពេលដែលធ្វើការជាមួយនឹង ដៃគូអឺរ៉ុប។


មន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានគូសបញ្ជាក់ថា វៀតណាម រំពឹងនឹងវ៉ាដាច់ ប្រទេសបង់ក្លាដេស ក្លាយជាប្រទេសផ្គត់ផ្គង់សម្លៀកបំពាក់ និងវាយនភណ្ឌធំជាងគេលំដាប់ទី ២ លើសកលលោក បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយអឺរ៉ុប ចូលជាធរមាន។


យ៉ាងណាក៏ដោយ បើសិនជាគ្មាន អាជីវកម្មគាំទ្រដល់ វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ក្នុងស្រុកនោះទេ ប្រាកដណាស់ គោលដៅនេះ គឺពិបាកនឹងអាចសម្រេចទៅបាន។

 


គួររម្លឹកបន្តិចថា ចាប់ពីដើមខែសីហានេះទៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អឺរ៉ុប និងវៀតណាម បានចូលជាធរមានហើយ ដែលវានឹងមានការលើកលែងពន្ធរហូតដល់ទៅ ៩៩% សម្រាប់ទំនិញនាំចេញ-នាំចូលរវាងគ្នា៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024