ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អាមេរិកចង់លុបApp កម្មវិធីទូរស័ព្ទរបស់ចិន ចេញពី App Store របស់អាមេរិក

០៦ សីហា ២០២០ | សេដ្ឋកិច្ច

សង្គ្រាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាចយក្សៗចាប់ផ្ដើមពុះកញ្ជ្រោលកាន់តែខ្លាំងឡើងៗ ខណៈសង្គ្រាមពាណិជ្ជកម្មក៏កំពុងស្ថិតនៅក្នុងភាពងងឹតមិនទាន់មានពន្លឺដំណោះស្រាយនៅឡើយ។ ជាក់ស្ដែង ថ្មីៗនេះ សហរដ្ឋអាមេរិកប្រកាសថាកំពុងពង្រីកគោលដៅរបស់ខ្លួនបន្ថែមទៀតក្នុងការលុបចោលបណ្ដាញកម្មវិធីនិងកម្មវិធីទូរស័ព្ទដៃ ដែលបង្កើតឡើងដោយចិន រួមទាំងសេវាផ្ទុកទិន្នន័យផងដែរ ដោយបានចោទថា បណ្ដាញកម្មវិធីនិសេវាទាំងអស់នោះ គឺធ្វើឲ្យមានហានិភ័យដល់សន្ដិសុខជាតិអាមេរិក។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo កាលពីម្សិលមិញនេះ។


មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិករូបនេះ បានបញ្ជាក់ទៀតថា អាមេរិកចង់ដាក់បម្រាមលើកម្មវិធី App ដែលមិនមានសុវត្ថិភាពរបស់ចិនទាំងឡាយណា ដែលមាននៅក្នុង App Store ទូរស័ព្ទដៃរបស់អាមេរិក។


លោក Pompeo បញ្ជាក់ថា ក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅចិន ដូចជា TikTok, WeChat និងកម្មវិធីផ្សេងទៀត គឺបានគំរាមកំហែងយ៉ាងខ្លាំងដល់ទិន្នន័យឯកជនរបស់ពលរដ្ឋអាមេរិក ។ ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់ដែរថា អាមេរិក ក៏នឹងធ្វើការហាមឃាត់លើកម្មវិធីទូរស័ព្ទ ដែលបង្កើតដោយអាមេរិក ដោយមិនអនុញ្ញាតឲ្យការដំឡើង ឬដាក់ឲ្យដោនឡូតប្រើនៅលើទូរស័ព្ទរបស់ចិន និងឧបករណ៍ Wireless របស់ក្រុមហ៊ុនយក្សចិន Huawei និងក្រុមហ៊ុនចិនផ្សេងទៀតនោះដែរ។

 


លោក Pompeo បន្ថែមទៀតថា រដ្ឋាភិបាលអាមេរិកនឹងកំណត់សមត្ថភាពរបស់អ្នកផ្ដល់សេវារបស់ចិន ដើម្បីប្រមូល រក្សាទុក និងដំណើរការទិន្នន័យទាំងនោះនៅក្នុងសហរដ្ឋអាមេរិកវិញ។ ក្នុងនោះ លោកក៏បានបញ្ជាក់ឈ្មោះក្រុមហ៊ុនយក្សៗរបស់ចិនមួយចំនួនដូចជា Alibaba Baidu និង Tencent ផងដែរ។


ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនេះ គឺធ្វើឡើងនៅក្រោយពីថ្ងៃ បន្ទាប់ពីលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានប្រាប់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDace លក់កម្មវិធី TikTok នៅអាមេរិកទៅឲ្យក្រុមហ៊ុន Microsoft ឲ្យបានមុនពាក់កណ្ដាលខែកញ្ញាខាងមុខនេះ ឬក៏មិនដូច្នោះទេកម្មវិធីនេះ នឹងត្រូវបិទលែងឲ្យប្រើនៅអាមេរិកតែម្ដង៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024