ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ការកក់បន្ទប់ស្នាក់នៅតាមខេត្តគោលដៅទេសចរណ៍កំពុងកើនឡើង

០៦ សីហា ២០២០ | សេដ្ឋកិច្ច

បើមិនមានអ្វីប្រែប្រួលទេ នៅថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២១ ខែសីហានេះ បុគ្គលិកមន្ត្រីរាជការ និងវិស័យឯកជនអាចមានសិទ្ធិឈប់សម្រាកពីការងារ ដោយការឈប់សម្រាកនេះ គឺធ្វើឡើងតាមការសន្យារបស់រាជរដ្ឋាភិបាល ដែលឈប់សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាលពីខែមេសាកន្លងនេះ។


លោក ស៊យ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា តាមការចុះស្រង់ទិន្នន័យពីអាជ្ញាធរលើផ្ទះសំណាក់សណ្ឋាគារនៅក្នុងខេត្តកំពតបានបង្ហាញឲ្យឃើញថា ការកក់បន្ទប់ស្នាក់នៅគឺមានសកម្មភាពកើនឡើងជាបន្ដបន្ទាប់ ដោយមកទល់ពេលនេះទទួលបានការកក់ពីភ្ញៀវប្រមាណ ៣០%ហើយ ពិសេសសេវាបន្ទប់ស្នាក់នៅនៅតាមដងព្រែក។ បើតាមប្រធានមន្ទីរទេសចរខេត្តកំពត នៅក្នុងខេត្តនេះ មានបន្ទប់សម្រាប់ជួលស្នាក់នៅជាង ៤ពាន់បន្ទប់ ក្នុងនោះ សណ្ឋាគារមានចំនួន ១២ កន្លែង ក្រៅពីនោះ ភាគច្រើនជាផ្ទះសំណាក់ និងបឹងហ្គាឡូ។ 


ទន្ទឹមនឹង ការកក់បន្ទប់ស្នាក់នៅកំពុងមានការកើនឡើងនេះដែរ អាជ្ញាធរខេត្តកំពតក៏បាននិងកំពុងចុះធ្វើការអប់រំផ្សព្វផ្សាយពីវិធានការនានាទៅដល់ម្ចាស់អាជីវកម្មទេសចរណ៍នៅក្នុងខេត្តផងដែរក្នុងគោលដៅទប់ស្កាត់នូវការឆ្លងមេរោគកូវីដ-១៩ អំឡុងពេលពលរដ្ឋមកធ្វើដំណើរកម្សាន្ដនាសប្ដាហ៍ខាងមុខនេះ។ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នៅក្នុងខេត្តនេះ មានមូលដ្ឋានអាជីវកម្មមានប្រមាណ ៦០០ ទីតាំង ហើយអាជ្ញាធរបានចុះធ្វើការអប់រំផ្សព្វផ្សាយបានប្រមាណ ៩០%ហើយ។ លោកបន្ថែមថា ខេត្តកំពតមានតំបន់ទេសចរណ៍ចំនួន១៧ គោលដៅហើយនៅរយៈពេល២ខែចុងក្រោយនេះ ចំនួនភ្ញៀវទេសចរមកធ្វើដំណើរកម្សាន្ដក្នុងខេត្តកំពតបានហក់កើនឡើងទ្វេដង។


ជុំវិញនឹងការកក់បន្ទប់ស្នាក់នៅនេះដែរ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ងូវ សេងកាក់បានលើកឡើងដែរថា ចំពោះតួលេខជាក់ស្ដែង គឺខាងមន្ទីរទេសចរណ៍ខេត្តមិនទាន់បានប្រមូលអស់នៅឡើយទេ ប៉ុន្ដែតាមការត្រួតពិនិត្យជាបឋមឃើញថា ការកក់នៅមានចំនួនតិចតួចនៅឡើយទេ។ 
យ៉ាងណាក៏ដោយ លោក សេងកាក់បន្ថែមថា ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសដែលនឹងមកកម្សាន្ដនៅថ្ងៃឈប់សម្រាកនាសប្ដាហ៍ទី៣ នៃខែសីហានេះ អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងត្រៀមរៀបចំនូវកម្មវិធីជាច្រើនដូចជាជិះកង់ ជិះទូក ពិព័រណ៌ម្ហូបអាហារ និងកម្មវិធីធ្វើដំណើរទៅតាមគោលដៅទេសចរណ៍ផ្សេងៗទៀត។ ជាមួយគ្នានេះ អាជ្ញាធរខេត្តសៀមរាបក៏បាននិងកំពុងរៀបចំអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាក់ការចម្លងកូវីដ-១៩ ទៅកាន់ម្ចាស់អាជីវកម្មទេសចរណ៍នានាផងដែរ។ 


តាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍រូបនេះ សម្រាប់ខេត្តសៀមរាបក្នុងមួយខែៗ ទទួលបានភ្ញៀវទេសចរមកស្នាក់នៅប្រមាណជិត៣ពាន់នាក់ប៉ុណ្ណោះ ក្នុងនោះភ្ញៀវជាតិប្រមាណជាង១ពាន់នាក់ ខណៈបរទេសមានប្រមាណ ជិត២ពាន់នាក់។

 


សូមបញ្ជាក់ថា របាយការណ៍ថ្មីមួយពីក្រសួងទេសចរណ៍បានបង្ហាញថា នៅក្នុងខែកក្កដាកន្លងទៅនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានធ្វើដំណើរកម្សាន្ដនៅទៅទាំងប្រទេសកម្ពុជាមានប្រមាណ ៧៤ម៉ឺននាក់ ដោយក្នុងនោះ ខេត្តកំពតទទួលបានភ្ញៀវទេសចរច្រើនជាងគេប្រមាណជាងជាង១៤ម៉ឺននាក់ បន្ទាប់មកគឺខេត្តកែបទទួលបានជិត១២ម៉ឺននាក់ បន្ទាប់ពីនេះ គឺខេត្តកណ្ដាល កោះកុង, ព្រះវិហារ និងមណ្ឌលគីរី៕

អត្ថបទ៖ ចាន់ ភារម្យ 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024