ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

វិចិត្រករ លាង ស៊ីកន ខកខានទៅបង្ហាញស្នាដៃនៅក្រៅប្រទេសព្រោះជំងឺ កូវីដ ១៩  

០៦ សីហា ២០២០ | កម្សាន្ដ

បើតាមគម្រោងវិចិត្រករសហសម័យលោក លាង ស៊ីកន ត្រូវយកគំនូរនិងស្នាដៃជាច្រើនរបស់ខ្លួនយកទៅបង្ហាញលើ ឆាកអន្តរជាតិ នៅពាក់កណ្តាលឆ្នាំនេះ តែគួរស្តាយដោយសារតែជំងឺ កូវីដ ១៩ កំពុងអុកឡុកពិភពលោក បានធ្វើឱ្យគម្រោងទាំងនោះត្រូវបានពន្យាពេល ធ្វើឱ្យលោកមានការសោកស្តាយយ៉ាងខ្លាំង ។ 


លោក លាង ស៊ីកន ជាសិល្បករសហសម័យផ្នែកគំនូរល្បីល្បាញពេញពិភពលោក ដែលរកប្រាក់ចំណូលបានខ្ពស់មិនធម្មតា។ កន្លងមកលោកធ្លាប់ចេញទៅបង្ហាញស្នាដៃនៅលើឆាកអន្តរជាតិជាច្រើន អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺថ្មីៗនេះលោកទើបតែបង្កើតស្នាដៃថ្មីជាច្រើន រួមជាមួយការនិពន្ធបទចម្រៀងថ្មីផ្ទាល់ប្រកបដោយមនោរសញ្ចេតនាខ្លឹមសារ ស៊ីជម្រៅ បើបានស្តាប់ហើយច្បាស់ជាស្លុងអារម្មណ៍ដូចបានទៅទីកន្លែងទាំងនោះយ៉ាងពិតប្រាកដ ។

 


ស្នាដៃដែលលោក លាង ស៊ីកន ត្រៀមនឹងយកទៅចូលរួមក្នុងពិព័រណ៌នៅប្រទេស អង់គ្លេស គឺជាផ្ទាំងគំនូរមនុស្សដុះស្លាប ដែលបង្ហាញពីអត្ថន័យយ៉ាងជ្រាលជ្រៅ ព្រមទាំងគំនូរជាច្រើនផ្ទាំងទៀតដែលលោកខំប្រឹងប្រែងធ្វើទាំងយប់ទាំងថ្ងៃ ។


លោក លាង ស៊ីកន បានរៀបរាប់ប្រាប់ថា បន្ទាប់ពីជោគជ័យក្នុងការតាំងពិព័រណ៌កាលពីដើមឆ្នាំ ២០២០ ស្នាដៃលោកកាន់តែល្បីខ្ទរខ្ទារ រហូតត្រូវបានប្រទេស អង់គ្លេស អញ្ជើញចូលរួមក្នុងពិព័រណ៌ដ៏ ធំប្រចាំឆ្នាំនៅពាក់កណ្តាលឆ្នាំ ២០២០ នេះ តែអ្វីដែលគួរឱ្យស្តាយនោះ គឺគម្រោងនោះត្រូវបានលើក ពេល ដោយសារតែជំងឺ កូវីដ ១៩ ។

 

 

លោក លាង ស៊ីកន នៅពុំទាន់ដឹងថា កម្មវិធីពិព័រណ៌អន្តរជាតិនោះនឹងរៀបចំឡើងវិញនៅអំឡុងពេល ណាមួយជាក់លាក់នៅឡើយទេ ប៉ុន្តែបើតាមព័ត៌មានលោកទទួលបានពីអ្នករៀបចំ គឺគម្រោងនេះអាចលើកទៅធ្វើនៅឆ្នាំក្រោយ ។ 


ក្នុងអំឡុងពេលជំងឺកូវីដ ១៩ កំពុងអុកឡុកពិភពលោក បានធ្វើឱ្យការងាររបស់លោក លាង ស៊ីកន មានការធ្លាក់ចុះយ៉ាងខ្លាំង តែទោះជាយ៉ាងនាក្តី លោកនៅតែអាចទ្រទ្រង់ជីវភាពរបស់ខ្លួនបានជាធម្មតា ពីព្រោះគំនូរ ១ ផ្ទាំងៗ ដែលលោកលក់ចេញ គឺមានតម្លៃខ្ពស់អាចធ្វើឱ្យលោកចាយបានរាប់ឆ្នាំឯណោះ ៕ 

 

 

 

 


អត្ថបទ ៖ ម៉ា រីសា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024