ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ទូរទស្សនិកជន គាំទ្រវត្តមាន ភាពយន្តភាគខ្មែរ ដំបូងលើកញ្ចក់ទូរទស្សន៍ ភីអិនអិន

២៦ តុលា ២០១៦ | កម្សាន្ដ

វត្តមាន​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​​ លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន បាន​​ធ្វើ​ឲ្យ​​ប្រិយមិត្តអ្នក​តាម​ដាន   ទស្សនាមានការ​​​​ជក់​​ចិត្តដិតអារម្មណ៍​​​ និង​រីករាយ​​ ដែល​ស្ថានីយទូរទស្សន៍មួយនេះ ​គាំទ្រស្នាដៃ ផលិតករក្នុងស្រុក ក៏ដូចជាតារាសម្តែង ក្នុងស្រុក ក្នុងការសម្រិតសម្រាំង រឿងភាគគួរជាទីចាប់អារម្មណ៍ ដល់អ្នកទស្សនា។

 

បើតាមការសាកសួ រប្រជាពលរដ្ឋ ដែលនិយមតាមដានរឿងភាគខ្មែរ ពួកគាត់មានការកោតសរសើ​រខ្លាំង ពីគុណភាពនៃការផលិតរឿង របស់ផលិតកម្ម ក្នុងស្រុក និងសមត្ថភាព នៃការសម្តែងរបស់តួអង្គ នៅក្នុងរឿង ដែលបានចាក់ផ្សាយ លើភីអិនអិនកាលពីថ្ងៃចន្ទកន្លងមកនេះ។

មិនតែប៉ុននោះ នៅលើទំព័រហ្វេសប៊ុក របស់ភីអិនអិន (www.facebook.com/PNNDramaFanClub) អ្នកចូលទស្សនា វីដេអូខ្លីៗ ស្តីពីរឿងភាគខ្មែរទាំងពីរ ដែលត្រូវបានបង្ហោះ តាំងពីមុនមានការចាក់ផ្សាយរឿង ជាផ្លូវការមកម្ល៉េះ មានចំនួនរាប់សែនដង បូករួមទាំងការ comments & Likes រាប់សែននាក់។

 

 

 

កាល​ពី​ថ្ងៃ​ចន្ទ​ទី៥ ខែកញ្ញា ឆ្នាំ២០១៦ ​ជា​ថ្ងៃ​ដំបូង ​ដែល​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ​បាន​ចាក់​បញ្ចាំង ​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​គឺ​​រឿង​ «ម្ទេសហិរ​ ប៉ះ​អំបិល​ប្រៃ»។ វណ្ណកម្ម​ថ្មី​នេះបាន​ញ៉ាំង ​ឲ្យ​អ្នក​គាំ​ទ្រ​ ជា​ច្រើន​​សម្ដែង​ការ​ភ្ញាក់​ផ្អើល និង​កោត​សសើរ ​មិន​​ដាច់​ពី​មាត់​ពី​ស្នា​ដៃ​ផលិត និង​ទេពកោសល្យ​សម្ដែង ​ដ៏​ប៉ិន​ប្រសប់របស់​ តារា​សម្ដែង​ខ្មែរ។

 

«ម្ទេសហឹរ ប៉ះអំបិលប្រៃ» ​ជា​ស្នា​ដៃ​ផលិត ​របស់​ផលិត​កម្ម​ LD Picture ក្រោម​ការ​សហការ និង​ទុន​វិនិយោគ​​ផ្ទាល់​​ របស់​ភីអិនអិន។ សាច់​រឿង​ទាំង​មូល ​​មាន​បង្កប់​អត្ថន័យ​គ្រប់​រស​ជាតិ ជា​ពិសេស ​គឺ​​​មាន​ការ​ចូល​រួម​សម្ដែង ​ពី​សំណាក់​តារា​ភាព​យន្ត​ខ្មែរ​ល្បីៗ ​ជា​ច្រើន​រូប ដូចជា កញ្ញា តូតា លោក អេវីន អ្នកនាង គ្រត លោក ជាសំណាង លោក​ ចាបចៀន កញ្ញា ទឹម រដ្ឋា រួមនឹងសិល្បករ​ល្បី​ៗ ​ជាច្រើនរូបទៀត។

 

ដោយឡែក នៅថ្ងៃព្រហស្បតិ៍ ដល់​ ថ្ងៃសៅរ៍ ទស្សនិកជន នឹងបានតាមដាន ទស្សនារឿងមួយ បែបផ្សេងទៀត ដែលបង្កប់ដោយ អាថ៌កំបាំងច្រើន គឺរឿង សង្គ្រាមបេះដូង ដែលជាស្នាដៃផលិត របស់ផលិតកម្ម ខ្មែរមេគង្គ។

ពាក់ព័ន្ធនឹងរឿង សង្គ្រាមបេះដូងនេះដែរ សូមប្រិយមិត្តកុំភ្លេចរង់ចាំ តាមដានទស្សនា ហើយចូលរួមឆ្លើយសំនួរងាយៗ ដោយចូលទៅកាន់ ទំព័រហ្វេសប៊ុករបស់ភីអិនអិន (www.facebook.com/PNNDramaFanClub) ដើម្បីមានឱកាស ឈ្នះរង្វាន់អាវយឺតដ៏ស្រស់ស្អាត។  

​​ភីអិនអិន​ បាន និងកំពុង​តែ​ សហការ​ជាមួយ​ផលិត​កម្ម​ធំៗ ​ក្នុង​ស្រុក ដើម្បី​​សម្រេច​ឲ្យ​បាន ​ក្នុង​ការ​ផលិត​ខ្សែ​ភាព​យន្ត​​ភាគ​ខ្មែរ ឲ្យបានច្រើនជាង​១០០ម៉ោង ក្នុងឆ្នាំ២០១៦ នេះ​ដើម្បីផ្សាយជូនដល់ ទូរទស្សនិកជន។

 

ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​ ចំនួន​២រឿង ​ដែល​កំពុង​​ចាក់​បញ្ចាំង ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន នៅម៉ោង៨យប់។ រឿងទីមួយគឺ​ ​ម្ទេស​ហឹរ​ ប៉ះ​​អំបិល​ប្រៃ ​មាន​ចាក់​បញ្ចាំង​ជូន​ទស្សនា​​​ ចាប់​ពី​ថ្ងៃ​ចន្ទ ​ដល់​ថ្ងៃ​ពុធ ហើយរឿង​ទី២ គឺ ​សង្គ្រាម​បេះ​ដូង ​ចាក់​បញ្ចាំង​ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍៕

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024