ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ភរិយារបស់ប្រធានាធិបតីប្រេស៊ីលធ្វើតេស្តឈាមរកមេរោគខូវីដ១៩ លទ្ធផលវិជ្ជមាន

 

 

 

ប្រធានាធិបតីប្រេស៊ីល ដែលទើបតែជាសះស្បើយពីជំងឺខូវីដ១៩ លោកជែបុលសូណារ៉ូ (Jair Bolsonaro) បានបង្ហាញវត្តមាននៅក្នុងពិធីជួបជុំជាសាធារណៈមួយ។ ពេលលោកកំពុងតែពាក់ម៉ាស់សុខៗ លោកស្រាប់តែដោះម៉ាស់ចេញទាំងកណ្ដាលទី។ ទង្វើនេះកើតមានឡើងស្របពេលដែលភរិយាសំណព្វចិត្តរបស់លោក ដែលជាជំទាវទីមួយរបស់ប្រេស៊ីល ទើបតែធ្វើតេស្តឈាមរកមេរោគខូវីដ១៩ ដែលបង្ហាញលទ្ធផលវិជ្ជមាន និងក៏ស្របពេលដែលជំងឺនេះមិនទាន់បង្ហាញសញ្ញាថមថយចុះទាល់តែសោះនៅប្រេស៊ីល។

 

លោកជំទាវមីឈែល.បុលសូណារ៉ូ (Michelle Bolsonaro) បានធ្វើតេស្តឈាមវិជ្ជមានកាលពីម្សិលមិញ។ ប៉ុន្តែលោកជំទាវមានសុខភាពល្អជាធម្មតា។ លោកស្រីនឹងអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យ។ ខាងលើនេះជាការជូនដំណឹងរបស់ខុទ្ទកាល័យប្រធានាធិបតីប្រេស៊ីល។ លទ្ធផលតេស្តនេះបង្ហាញថាខូវីដ១៩នៅតែពុះកញ្ជ្រោលខ្លាំងនៅប្រេស៊ីល ដែលបន្តគ្រប់គ្រងតំណែងលេខ២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ចំនួនអ្នកឆ្លងជំងឺខូវីដ១៩នៅប្រេស៊ីលបានកើនដល់ជាង២លាន ៦សែននាក់ (2,613,789), ចំណែកអ្នកស្លាប់កើនដល់ជាង៩ម៉ឺននាក់ (91,377)៕

 

 

ប្រែសម្រួល៖អន​ សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024