ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

បក្សកាន់អំណាចនៅជប៉ុនគាំទ្រការទិញមីស៊ីលការពារដែនអាកាស ដែលអាចវាយការពារខ្លួនទុកជាមុន

 

 

 

គណបក្សកាន់អំណាចនៅប្រទេសជប៉ុន បានអនុម័តយល់ព្រមទាំងស្រុងទៅលើសំណើរបស់រដ្ឋាភិបាល ដែលចង់ទិញគ្រឿងសព្វាវុធទំនើបៗសម្រាប់បម្រើនៅក្នុងវិស័យការពារជាតិ។

 

ជាពិសេស ប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលអាចបាញ់ទម្លាក់គ្រាប់មីស៊ីលបលលីស្ទីក (ballistic) របស់ប្រទេសបច្ចាមិត្តនៅក្នុងដែនអាកាសរបស់ប្រទេសនោះតែម្ដង ដោយមិនចាំបាច់រង់ចាំរហូតដល់គ្រាប់មីស៊ីលបាញ់ចូលទឹកដីរបស់ជប៉ុនទេ។ នេះជាយុទ្ធសាស្ត្រវាយការពារខ្លួនទុកជាមុន។

 

 

សំណើទិញគ្រាប់មីស៊ីលដូចខាងលើនេះនឹងដាក់ជូននាយករដ្ឋមន្ត្រីជប៉ុនពិនិត្យនៅក្នុងសប្ដាហ៍ក្រោយ។ តាមពិត ការដាក់ឲ្យប្រើប្រាស់គ្រឿងសព្វាវុធ (ដែលអាចបើកប្រតិបត្តិការក្នុងរយៈចម្ងាយឆ្ងាយដូចជាគ្រាប់មីស៊ីលនៅក្នុងគម្រោងនេះ) ក៏បង្កជាភាពចម្រូងចម្រាស់នៅក្នុងប្រទេសជប៉ុនខ្លួនឯងផងដែរ ព្រោះរដ្ឋធម្មនុញ្ញជប៉ុនមិនគាំទ្រការធ្វើសង្គ្រាមជាមួយប្រទេសដទៃទេ។

 

 

មិនតែប៉ុណ្ណោះ គេជឿជាក់ថាសំណើនេះនឹងទទួលរងការប្រឆាំងជំទាស់ និងការខឹងសម្បារពីសំណាក់ប្រទេសចិន និងរុស្ស៊ី ព្រោះប្រទេសទាំង២យល់ថាគ្រាប់មីស៊ីលនេះអាចគំរាមកំហែងចំពោះសន្តិសុខជាតិរបស់ខ្លួន។ គួរកត់សម្គាល់ថាគម្រោងទិញមីស៊ីលនេះតបតាមគំនិតរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន ដែលកត់សម្គាល់ថាមីស៊ីលការពារដែនអាកាសរបស់ជប៉ុនសព្វថ្ងៃនេះមិនប្រាកដជាអាចទប់ទល់នឹងមីស៊ីលរបស់បច្ចាមិត្តទេ។ ដូច្នេះ ត្រូវប្រើផ្គួបគ្នាជាមួយនឹងមីស៊ីលដទៃទៀត៕

 

 


ប្រែសម្រួល៖អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024