ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មន្ត្រីរាជរដ្ឋាភិបាលថៃ អះអាងថា អឺរ៉ុប នឹងដកចេញនូវបម្រាមនាំចូលផ្លែដូងពីប្រទេសថៃ

៣១ កក្កដា ២០២០ | សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ បានឲ្យដឹងថា អឺរ៉ុបនឹងដកចេញនូវបម្រាមនាំចូលផ្លែដូងពីប្រទេសថៃវិញនៅពេលឆាប់ៗនេះ ក្រោយពីអឺរ៉ុបបានចាប់ផ្ដើមយល់ពីហេតុផលនៅពីក្រោយបញ្ហាជុំវិញករណីរបាយការណ៍របស់អង្គការមួយ ដែលចោទថាប្រទេសថៃបានបង្រៀនសត្វស្វាឲ្យឡើងបេះផ្លែដូងនោះ គឺជាការរំលោភបំពានសត្វព្រៃ។ ទោះយ៉ាងណា អាជ្ញាធរថៃ បានពន្យល់ទៅកាន់អឺរ៉ុបរួចហើយ ថាការប្រើសត្វស្វាឲ្យឡើងបេះផ្លែដូងនេះ គ្រាន់តែជារបៀបប្រមូលផលដូងបែបប្រពៃណីរបស់អ្នកភូមិមួយចំនួនតូចប៉ុណ្ណោះ មិនមែនជាការប្រមូលផលដូងខ្នាតឧស្សាហកម្មនោះទេ។


គេនៅចាំបានថា មានរបាយការណ៍មួយរបស់អង្គការមួយឈ្មោះ ភីតា (PETA) ដែលបានចោទប្រកាន់ថា កសិករថៃ បានរំលោភបំពានលើសត្វស្វា ក្នុងការបង្រៀនពួកវាឲ្យឡើងបេះផ្លែដូងនៅលើដើមជំនួសមនុស្ស។ ក្រោយពីមានការរាយការណ៍បែបនេះ អាជីវករអឺរ៉ុប ដែលលក់ដូងនាំចូលពីប្រទេសថៃបានសម្រេចឈប់ទិញផ្លែដូងពីថៃមកលក់បន្ដ។ ទោះយ៉ាងណា អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃ លោក សម្តេច ស៊ូសមប៊ូន បាននិយាយថា យុទ្ធនាការទូលំទូលាយរបស់អាជ្ញាធរថៃ បានបង្ហាញថា សត្វស្វាតិចតួចណាស់ដែលបានចូលរួមក្នុងការប្រមូលផលផ្លែដូងតាមបែបប្រពៃណីនេះ ហើយសត្វស្វាទាំងនោះ មិនត្រូវបានគេរំលោភបំពានអ្វីឡើយ។ លោកស៊ូសមប៊ូន បន្ថែមថា ផ្លែដូងភាគច្រើនដែលត្រូវបាននាំចេញទៅនោះ គឺត្រូវបានបេះប្រមូលផលដោយកម្លាំងមនុស្ស ដោយសារតែដើមដូងទាំងនោះ មានកម្ពស់ទាបៗទេ ខណៈដែលសត្វស្វាត្រូវបានអ្នកភូមិមួយចំនួន ប្រើសម្រាប់ឡើងបេះដូងដើមចាស់ៗ ខ្ពស់ៗប៉ុណ្ណោះ។


បើតាមមន្ត្រីជាន់ខ្ពស់របស់ថៃរូបនេះ ក្រោយពីមានការពន្យល់បែបនេះ ខាងមន្ត្រីពាណិជ្ជកម្មនិងអ្នកលក់រាយនៃសហភាពអឺរ៉ុបបានបង្ហាញពីការយោគយល់របស់ពួកគេវិញ និងអាចទទួលយកផ្លែដូងពីប្រទេសថៃទៅលក់នៅអឺរ៉ុបជាថ្មីម្ដងទៀតបាន។

 


រាជរដ្ឋាភិបាលថៃ ក៏បានបដិសេធចំពោះរបាយការណ៍របស់អង្គការ Peta ផងដែរ ដោយបញ្ជាក់ថា មិនមានសត្វស្វាឯណាត្រូវបានយកមកប្រើឲ្យឡើងបេះផ្លែដូងសម្រាប់ខ្នាតជាឧស្សាហកម្ម ក៏ដូចជាសម្រាប់ឧស្សាហកម្មនាំចេញនោះទេ។ រាជរដ្ឋាភិបាលថៃ ក៏បានស្នើឲ្យមានការស៊ើបអង្កេតចំពោះដំណើរការផលិតកម្មរបស់ខ្លួន លើទំនិញនាំចេញទៅអឺរ៉ុបផងដែរ។


កាលពីឆ្នាំមុន ប្រទេសថៃ បានផលិតផ្លែដូងប្រមាណ៨០ម៉ឺន ៦ពាន់តោន និងបាននាំចេញទឹកដោះគោដូងមានតម្លៃប្រមាណជាង៣៩០លានដុល្លារអាមេរិក៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024