ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨

ស្ថាបត្យករខ្មែរដ៏ឆ្នើម លោកវណ្ណ ម៉ូលីវណ្ណ បានទទួលមរណៈភាព នៅព្រឹកមិញនេះ
២៨ កញ្ញា ២០១៧ | ព័ត៌មានជាតិ

លោក វណ្ណ ម៉ូលីវណ្ណ ដែលត្រូវបានចាត់ទុកថា ជាបុគ្គលដ៏ឆ្នើមមួយរូបនៃស្ថាបត្យកម្មខ្មែរ បានទទួលមរណៈភាពនៅម៉ោង ០៩ និង ៤៥ នាទី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ ៩១ ឆ្នាំ នៅឯគេហដ្ឋានរបស់លោក ដែលស្ថិតនៅ ក្នុងភូមិ មណ្ឌល ៣ សង្កាត់ស្លក្រាម  ក្រុងសៀមរាប ខេត្តសៀមរាប។

 

 


សូមជម្រាបជូនថា លោក វណ្ណ ម៉ូលីវណ្ណ បានកើត នៅថ្ងៃទី ២៣ វិឆ្ឆិកា ឆ្នាំ ១៩២៦ ។ លោកបានបន្តការសិក្សានៅប្រទេសបារាំង នាឆ្នាំ១៩៤៦ ហើយបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មនៅ សាលាជាតិជាន់ខ្ពស់ផ្នែកសិល្បៈនាទីក្រុង ប៉ារីស។
លោក ចាប់ផ្តើមក្លាយខ្លួន ជាស្ថាបត្យករ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលដឹកនាំដោយសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ពេលនោះ ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានរួមចំណែកជាច្រើនដល់រចនាប័ទ្មពិសេសៗនៃស្ថាបត្យកម្ម ក្នុងប្រទេសកម្ពុជា ពីឆ្នាំ ១៩៥៥ ដល់ ឆ្នាំ ១៩៧០ ដែលរួមមានដូចជា៖

 


-វិមានឯករាជ្យ
-ពហុកីឡដ្ឋានជាតិ
-សាលសន្និសីទចតុម្មុខ
-វិទ្យាស្ថានភាសាបរទេស
-សំណង់ផ្ទះ១០០ខ្នង
-វិមានរដ្ឋចម្ការមន
-ប្លង់វត្តអារាម
-ស្ថានទូតខ្មែរនៅបរទេសជាច្រើន។
- និងស្ថាបត្យកម្ម ជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានវត្តមាន រហូតមកដល់បច្ចុប្បន្ននេះ។

 

 

(រូបភាព៖ វិមានឯករាជ្យ រាជធានីភ្នំពេញ។)

 

 

(រូបភាព៖ វិទ្យាស្ថានភាសាបរទេស រាជធានីភ្នំពេញ។)

 

 

(រូបភាព៖ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។)

 

 

 

(រូបភាព៖ សាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។)

 


ជាមួយគ្នានោះផងដែរ នៅឆ្នាំ ២០១៣ លោកព្រឹទ្ធាចារ្យ បានឈ្នះពានរង្វាន់ Nikkei Asia Prize ក្នុងប្រភេទវប្បធម៌ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់កិត្តិយសដល់ប្រជាជននៅអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យចំនួនបី គឺ វិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិត និងវប្បធម៌៕

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.