ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ការនាំចេញទំនិញរបស់ ថៃ អាចនឹងធ្លាក់ចុះដល់ជាង ១៣% នៅក្នុងឆ្នាំ ២០២០

៣១ កក្កដា ២០២០ | សេដ្ឋកិច្ច

ការនាំចេញទំនិញរបស់ប្រទេសថៃ ទំនងជាអាចធ្លាក់ចុះដល់ ១៣,៥% មកនៅត្រឹម ២១៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២០ ដែលជាតួលេខក្រក់បំផុតមួយ នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ បើសិនជា មិនមាន វ៉ាក់សាំងសម្រាប់មេរោគកូវីដ១៩ ត្រូវបានរកឃើញនៅក្នុងឆ្នាំនេះទេ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះរបស់ សារព័ត៌មានក្នុងស្រុកថៃ។


សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានគូសបញ្ជាក់ថា វ៉ាក់សាំងសម្រាប់មេរោគកូវីដ១៩ គឺជាចម្លើយតែមួយគត់ សម្រាប់សេដ្ឋកិច្ច និងជំនួញពាណិជ្ជកម្មរបស់ប្រទេសថៃ ហើយនឹងពិភពលោកផងដែរ។


ក្នុងករណីអាក្រក់បំផុត ដែលមានមិនមានវ៉ាក់សាំងរហូតដល់ដំណាច់ឆ្នាំនេះ ការនាំចេញទំនិញរបស់ថៃ ត្រូវបានព្យាករណ៍ថា អាចនឹងធ្លាក់ចុះ ១៣,៥% មកនៅត្រឹម ២១៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ ថយចុះពី ២៤៦ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩។


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានអះអាងថា សេណារីយ៉ូខាងលើនេះ មានឱកាសដល់ទៅ ៤០% ដែលអាចនឹងកើតមានឡើងពិតប្រាកដ ដោយការព្យាករនេះ គេផ្អែកទៅលើ កត្តាជាច្រើន រួមមាន សេដ្ឋកិច្ចធ្លាក់ចុះ ៥%, ប្រាក់បាត ត្រូវបានជួញដូរ ក្នុងតម្លៃ ៣១បាត ស្មើនឹង ១ដុល្លារអាមេរិក, ករណីកើតមាននូវរលកទី ២ និងទី ៣ នៃមេរោគកូវីដ១៩ និងជម្លោះរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន។


កត្តាប៉ះពាល់នៅក្នុងឆមាសទី ២នេះ ដែលអាចជះឥទ្ធិពលដល់ ការនាំចេញរបស់ថៃ រួមមាន សេដ្ឋកិច្ចប្រទេសជាដៃគូពាណិជ្ជកម្ម ចុះអន់ខ្សោយ ការធ្លាក់ចុះនូវតម្រូវការនាំចូលទំនិញ ការចុះទាបនៃតម្លៃប្រេង និងកត្តាវិធានការបិទទីក្រុង។


លើសពីនេះទៅទៀត ការនាំចេញទំនិញរបស់ថៃ នៅក្នុងឆមាសទី ២នេះ អាចនឹងធា្លក់ចុះខ្លាំងជាង ឆមាសទី ១ ទៅទៀត ដោយអាចធ្លាក់ចុះ ១៩,៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ នៅក្នុងឆមាសទី ១ ការនាំចេញទំនិញរបស់ថៃ ធ្លាក់ចុះ ៧% មកត្រឹម ១១៤ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលទំនិញធ្លាក់ចុះដូចគ្នាប្រមាណ ១២% មកនៅត្រឹម ១០៤ពាន់លានដុល្លារអាមេរិក។


គួរជម្រាបថា ក្រសួងពាណិជ្ជកម្មថៃ ក៏បានព្យាករណ៍ដែរថា ការនាំចេញទំនិញរបស់ថៃ អាចនឹងធ្លាក់ចុះ ៨ ទៅ ៩% នៅក្នុងឆ្នាំ ២០២០ គឺធ្លាក់ចុះខ្លាំងជាង ការព្យាករណ៍កាលពីពេលមុនទៅទៀត ដែលរំពឹងនឹងធ្លាក់ចុះតែ ៥% ប៉ុណ្ណោះ៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024