ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA មើលឃើញពីការខាតបង់ប្រមាណ ១ពាន់លានដុល្លារ នៅត្រីមាសទី២ ឆ្នាំនេះ

៣១ កក្កដា ២០២០ | សេដ្ឋកិច្ច

ដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ នៅឆ្នាំ២០២០នេះ អាចនិយាយបានថា គឺជាឆ្នាំដ៏អាក្រក់ខ្លាំងបំផុតសម្រាប់វិស័យឧស្សាហកម្មអាកាសចរណ៍ទូទាំងសកលលោកដោយក្នុងនោះ គេសង្កេតឃើញថាមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗជាច្រើនបានប្រកាសពីខាតបង់ ក៏ដូចជាការកាត់បន្ថយនូវចំនួនបុគ្គលិកយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្ដបន្ទាប់។ យ៉ាងណាមិញ ថ្មីៗនេះ  ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ជប៉ុន ANA Holdings បានប្រកាសពីការខាតបង់ប្រចាំត្រីមាសក្នុងតម្លៃដល់ទៅប្រមាណ ១ពាន់លានដុល្លារអាមេរិកផងដែរ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗដែលបានចុះផ្សាយ។


ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បានបញ្ជាក់ថា ប្រាក់ខាតបង់សុទ្ធរបស់ក្រុមហ៊ុននៅអំឡុងត្រីមាសទី២ នៅឆ្នាំ២០២០នេះ ពោលគឺ ពីខែមេសា ដល់ខែមិថុនា មានតម្លៃជាទឹកប្រាក់ដល់ទៅប្រមាណ១ពាន់លានដុល្លារអាមេរិក ដែលការខាតបង់នេះ គឺជាតួលេខប្រចាំត្រីមាសដ៏អាក្រក់បំផុតមួយ តាំងពីក្រុមហ៊ុននេះ ចាប់ផ្ដើមចេញតួលេខហិរញ្ញវត្ថុប្រចាំត្រីមាសកាលពីឆ្នាំ២០០៣មកម្ល៉េះ។


ការខាតបង់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមួយនេះ បានកើនដល់ទៅ ជាង១.៥០០ លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញប្រតិបត្តិការកាលពីឆ្នាំមុនមានជាង១៥០លានដុល្លារ ជាមួយនឹងការលក់មានតម្លៃជាង ១.១៥០ លានដុល្លារអាមេរិក ធ្លាក់ចុះជិត ៧៦%។

 


នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ANA Holdings លោក អ៊ីឈីរ៉ូ ហ្វូកូហ្សាវ៉ា បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា «តម្រូវការអ្នកដំណើរទាំងជើងហោះហើរក្នុងស្រុក និងអន្តរជាតិ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែរដ្ឋាភិបាលនៃប្រទេសទូទាំងពិភពលោកមានការរឹតបន្ដឹងលើការធ្វើដំណើរ និងការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នពីសំណាក់រាជរដ្ឋាភិបាលជប៉ុនជាដើម។» លោក  អ៊ីឈីរ៉ូ បន្ថែមថា ក្រុមហ៊ុន ANA នឹងព្យាយាមការបន្ថយថ្លៃដើម និងការចាត់វិធានការផ្សេងៗដើម្បីបន្ធូរបន្ថយការខូចខាតនៅអំឡុងពេលនេះ។


ទោះយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍ ANA មិនបានបញ្ជាក់ពីការព្យាករ អំពីការខាតបង់សរុបនៅឡើយទេ ដោយសារតែស្ថានភាពនៃការរីករាលដាលនៃមេរោគស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ៕


អត្ថបទ៖ ចាន់ ភារម្យ 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024