ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

 ម៉ៃ ប៊ុនឆៃ រៀនចាប៉ីដងវែង មិនយកធ្វើអាជីពតែដើម្បីថែរក្សាមរតកដូនតា  ! 

៣០ កក្កដា ២០២០ | កម្សាន្ដ

យុវវជន ម៉ៃ ប៊ុនឆៃ ដែលបានរសាត់អណ្តែតពីខេត្តតាកែវ មកបំពេញវិជ្ជានៅទីក្រុង ភ្នំពេញ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនបាននិយាយថាខ្លួនផ្ដើមបោះជំហានមកកាន់ការរៀនចាប៉ីដងវែងនេះ មិនមែនក្នុងន័យធ្វើជាអាជីពពិតប្រាកដអ្វីនោះទេ ក៏ប៉ុន្តែរឿងដែលសំខាន់បំផុតគឺការថែរក្សាមរតកដូនតាតាំងពីយូរលង់ណាស់មកហើយ។


ថ្វីត្បិតតែយុវវជន ម៉ៃ ប៊ុនឆៃ ទើបតែចាប់ផ្តើមរៀនចាប៉ីដងវែងបានជាង ៤ ខែក្តី តែគេអាចលេង និងច្រៀង ចាប៉ី បានយ៉ាងល្អមិនចាញ់អ្នករៀនរាប់ឆ្នាំនោះទេ ជាក់ស្តែងតាមរយៈវិដេអូដែលទស្សនិកជនកំពុងទស្សនានេះ ម៉ៃ ប៊ុនឆៃ ពិតជាធ្វើបានយ៉ាងល្អនិងទទួលបានការសើរគួរឱ្យកត់សម្គាល់ ។ 

 


ម៉ៃ ប៊ុនឆៃ បានរៀបរាប់ប្រាប់ថា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទី ១២ នៅខេត្ត តាកែវ ខ្លួនក៏បានរសាត់ខ្លួនមកទីក្រុងភ្នំពេញដើម្បីបន្តការសិក្សា ថ្វីត្បិតែពេលនេះគេកំពុងរៀននៅសាលាបច្ចេកទេស ជួសជុលរថយន្តក្តី តែគេបានចូលទៅរៀន ចាប៉ី ដងវែង ជាមួយលោកគ្រូ ពេជ្រ សារ៉ាត់ នៅក្នុងវត្ត នាគវ័ន ពីព្រោះខ្លួនស្រឡាញ់ និងចង់រៀនផ្នែក ចាប៉ីដងវែង ជាយូរមកហើយតែពុំមានឱកាស ពីព្រោះជាកូនកសិករមិនធ្លាប់បានស្គាល់ទីក្រុងនិងគេទេ ។ 


ត្រឹមរយៈពេលជាង ៤ ខែប៉ុណ្ណោះដែលយុវវជន ម៉ៃ ប៊ុនឆៃ រៀនផ្នែកចាប៉ី គេអាចកេះនិងលេងបានយ៉ាងស្ទាត់ជំនាញមិនចាញ់អ្នកអាជីពឡើយ ទោះបីជាគេមិនយកអាជីពចាប៉ីដងវែង ធ្វើជាអាជីពសម្រាប់ថ្ងៃអនាគត តែគេសង្ឃឹមថា ថ្ងៃណាមួយគេអាចយកជំនាញនេះបង្ហាញលើឆាកថ្នាក់ជាតិ និងអន្តរជាតិបង្ហាញទស្សនិកជន ។

 

 
ម៉ៃ ប៊ុនឆៃ មានឈ្មោះជាកូនកសិករ មិនសូវមានជីវភាពធូធារនោះទេ ដូច្នេះហើយ យុវជនរូបនេះ មិនមានលទ្ធភាពទិញចាប៉ីសម្រាប់លេងផ្ទាល់ខ្លួនឡើយ ពេលទៅរៀនម្តងៗត្រូវខ្ចីចាប៉ីរបស់លោកគ្រូដើម្បីរៀន តែដើម្បីបានចាប៉ីមកកាន់ផ្ទាល់ ម៉ៃ ប៊ុនឆៃ បានទិញចាប៉ីដោយបង់រំលោះ ។ 


ម៉ៃ ប៊ុនឆៃ ជាកូនកសិករមកពីខេត្ត តាកែវ ឆ្នាំនេះមានវ័យ ១៧ ឆ្នាំ ចំពោះរឿងថា អ្នករៀនចាប៉ី ភាគច្រើនជាអ្នកពិការអវយៈណាមួយនោះត្រូវបានយុវវជននេះលើកឡើងថាមិនដូចអ្វីដែលអ្នកគ្រប់គ្នាគិតឡើយ ប្រៀបដូចរូបគេជាដើមពុំមានអវៈយវៈពិការណាមួយនោះទេ ការរៀនចាប៉ីពិតជាល្អ សូម្បីតែគ្រួសារគេក៏សប្បាយចិត្តនៅពេលឃើញគេអាចលេង ចាប៉ី បានបែបនេះ ។

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព 
 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024