ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨

សាលារាជធានីភ្នំពេញ យកផ្លូវលីយ៉ុងផាត់ និងស្ពានព្រែកក្តាម ជាផ្លូវបញ្ចៀសការកក ស្ទះចរាចរណ៍ ពេលស្ពានជ្រោយចាស់ ត្រូវជួសជុល
២៧ កញ្ញា ២០១៧ | ព័ត៌មានជាតិ

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារចាស់ នឹងត្រូវបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីធ្វើការជួសជុលស្តារទ្បើងវិញ។ ដើម្បីចៀសវាងការកកស្ទះចរាចរ នៅថ្ងៃទី២៧ កញ្ញា ២០១៧ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង តម្រូវអោយរថយន្តធុនធំ យានយន្តគ្រប់ប្រភេទ ចូលរាជធានី​ភ្នំពេញ តាមផ្លូវជាតិលេខ​៦ ត្រូវពង្វាងបត់ចូលតាមផ្លូវលីយ៉ុងផាត់ និងស្ពានព្រែកក្តាម បន្តដំណើរចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ ជំនួសវិញ។

 

រូបភាពពី សាលារាជធានីភ្នំពេញ Facebook page។

 

ដើម្បីបញ្ចៀសការកកស្ទះចរាចរ នៅពេលដែលការដ្ឋានជួសជុលស្តារទ្បើងវិញ ស្ពានជ្រោយ ចង្វារចាស់ សាលារាជធានីភ្នំពេញ បានតម្រូវអោយរថយន្តធុនធំ យានយន្តគ្រប់ប្រភេទ ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិ៦ ត្រូវពង្វាងបត់ចូលតាមផ្លូវ លីយ៉ុងផាត់ និងស្ពានព្រែកក្តាម បន្តដំណើរចូល រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ ជំនួសវិញ ។ នេះបើយោងតាមសេចក្តី ជូនដំណឹង របស់សាលារាជធានីភ្នំពេញ ដែលចេញនៅថ្ងៃទី២៧ កញ្ញា ២០១៧។

 

រូបភាពពី សាលារាជធានីភ្នំពេញ Facebook page។

 

ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ចរាចរណ៍ទ្វេទិសឆ្លងកាត់ទន្លេនឹងប្រព្រឹត្តទៅតែនៅលើ ស្ពានមិត្តភាពកម្ពុជា-ចិន តែមួយប៉ុណ្ណោះ ស្ថានភាពនេះ អាចនឹងមានការកក ស្ទះខ្លាំង នៅបរិវេណជុំវិញការដ្ឋានសាងសង់ ជាពិសេសនៅត្រង់ចំណុចរង្វង់មូលស្ពានទាំងសងខាង នៅរង្វង់មូលកួចកាណុង និងរង្វង់មូលព្រហ្មមុខបួន។ ក្នុងករណីមានការកកស្ទះចរាចរណ៍ ក្នុងតំបន់ការដ្ឋានធ្ងន់ធ្ងរ អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ នឹងត្រូវអនុវត្តតាមការបង្វែរទិស ចរាចរណ៍របស់សមត្ថកិច្ចជំនាញ ។

 

សូម​ជម្រាប​ថា ដោយ​សារ​ស្ថាន​ភាពស្ពានជ្រោយចង្វារចាស់ ដែលសព្វថ្ងៃ​ ប្រើប្រាស់​ ជាច្រក​ចេញពីភ្នំពេញ ទៅកាន់ផ្លូវជាតិលេខ៦អា មានសភាពទ្រុឌទ្រោមខ្លាំង ទើបក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន សហការនឹងក្រុមហ៊ុនជប៉ុន នឹង​ជួសជុលកែលម្អរ ឡើងវិញ ដោយប្រើ​រយៈពេល ២ឆ្នាំ ​ចាប់ផ្តើម នៅថ្ងៃទី១ តុលា ខាងមុខ។ គម្រោងជួសជុលស្ពានជ្រោយ​ចង្វារ​ចាស់​នេះ នឹងចំណាយប្រមាណ ៣៣ លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់​រដ្ឋាភិបាលជប៉ុន៕

 

ប្រភព៖ PNN News

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.