ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អគ្គស្នងការនគរបាលជាតិ ណែនាំពីវិធានការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងអំឡុងពេលឈប់សម្រាក រយៈពេល ៥ថ្ងៃ

៣០ កក្កដា ២០២០ | ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីណែនាំចំនួន៩ចំណុចដល់អង្គភាពក្រោមចំណុះទាំងអស់ យកចិត្តទុកអនុវត្តវិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងអំឡុងពេលឈប់សម្រាករយៈពេល៥ថ្ងៃ ដែលជាថ្ងៃឈប់សងថ្ងៃបុណ្យចូលឆ្នាំ ។ ក្នុងសេចក្តីណែនាំចំនួន៩ចំណុចនោះ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យបង្កើនវិធានការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្ដាគោលដៅ កម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដើម្បីរក្សានូវសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ។ 

 


ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំទៅកាន់អង្គភាពក្រោមចំណុះទាំងអស់ ត្រូវបង្កើនវិធានការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្ដាទីតាំងកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់ ការពារសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូលៗ និងឥស្សរជនជាន់ខ្ពស់របស់ជាតិ ដែលយាង និងអញ្ជើញធ្វើដំណើរកម្សាន្ត និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលឈប់សម្រាករយៈពេល៥ថ្ងៃ ដែលជាថ្ងៃឈប់សងនៃថ្ងៃបុណ្យចូលឆ្នាំ ។

 


នៅក្នុងអំឡុងពេលឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេល នូវរាល់សកម្មភាពក្មេងទំនើង អំពើហិង្សា ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ត្រៀមកម្លាំង និងមធ្យោបាយដើម្បីសហការជួយសង្គ្រោះ គ្រោះអគ្គិភ័យ គ្រោះមហន្តរាយនានា និងបន្តជំរុញរឹតបណ្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រួមជាមួយនឹងការសម្រួលចរាចរណ៍ តាមបណ្ដាផ្លូវជាតិ ទីប្រជុំជនពិសេសច្រកចេញ-ចូលរាជធានី ទីរួមខេត្ត ក៏ដូចជាគោលដៅផ្សេងៗ ដើម្បីកាត់បន្ថយបាននូវការកកស្ទះ និងគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ។

 


ក្រៅពីវិធានការសន្តិសុខ និងការងារសណ្ដាប់ធ្នាប់សាធារណៈខាងលើ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ជម្រុញអោយអនុវត្តវិធានការបន្ទាន់សម្រាប់បង្ការ និងការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ ដោយណែនាំឲ្យមន្ត្រីបន្តចុះធ្វើការផ្សព្វផ្សាយ អប់រំបន្ថែមទៀតអំពីវិធានសុខាភិបាល ដល់ប្រជាពលរដ្ឋ នៅតាមបណ្ដារមណីយដ្ឋាន ទីប្រជុំជនទីសាធារណៈ។ ហើយក្នុងករណីសង្ស័យមានអ្នកផ្ទុកវីរ៉ុសកូវីដ-១៩ ត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត៕

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024