ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

បរិយាកាសធ្វើជំនួញនៅ កម្ពុជាទទួលបានពិន្ទុធ្លាក់បន្តិច ក្នុងឆ្នាំនេះ

២៧ កញ្ញា ២០១៧ | សេដ្ឋកិច្ច

បរិយាកាសធ្វើជំនួញរបស់កម្ពុជា ក្នុងឆ្នាំនេះ មានការធ្លាក់ចុះបន្តិចមកត្រឹម ៤៨,៨ ខណៈដែលកាលពីឆ្នាំមុនកម្ពុជា ទទួលបាន៥០,៤។ នេះបើយោងតាមការរបាយការណ៍ស្ទង់មតិ Business Confidence index របស់សភាពាណិជ្ជកម្មសហភាពអឹរ៉ុបប្រចាំប្រទេសកម្ពុជា ដែលហៅកាត់ថា Eurocham  ដែលបានចេញផ្សាយកាលពីព្រឹកមិញនេះ។

 

ការ​ស្ទង់មតិនោះ ក៏បានបង្ហាញថា បើទោះ​បីជាវាយតម្លៃជារួម កម្ពុជា ទទួលបានពិន្ទុទាបជាងឆ្នាំមុន បន្តិចក្តី ក៏​កម្ពុជាមានភាពល្អប្រសើរ បន្តិចនៃការប្រកួតប្រជែង ក្នុងតំបន់ដោយសារ​តែតម្លៃពលកម្ម​នៃធន​​ធានមនុស្សទាប ភាពល្អប្រសើរ​ឡើងបន្តិចនៃហេដ្ឋារចនាសម្ព័ន្ធ និងអគ្គីសនី ប៉ុន្តែរបាយការណ៍​ក៏បានបង្ហាញថា ការ​ប្រែប្រួលប​ទ​បញ្ញត្តិ​​លើផ្នែកពន្ធដារ នាពេលថ្មីៗនេះ បានក្លាយជាឧបសគ្គនៃការ​​ធ្វើធុរៈកិច្ច។

 

 

របាយការណ៍មួយនេះបានបញ្ជាក់ថា អ្នកបានឆ្លើយតប ក្នុងការស្ទាបស្ទង់មតិនេះ បញ្ជាក់ថា ហាក់​ដូចជាមានការប្រុងប្រយ័ត្ន ចំពោះការឈានចូលមកដល់នៃការបោះឆ្នោត ក្នុងឆ្នាំ២០១៨នាពេលខាង​មុខ។ ប៉ុន្តែរបាយការណ៍ ក៏បានអះអាងថា សកម្មភាពធុរកិច្ច នៅមានភាពសុទិដ្ឋិនិយមច្រើន និងភាគ​ច្រើន​​​ ក៏មានគម្រោងពង្រីកសកម្មភាពមុខជំនួញរបស់ខ្លួននៅកម្ពុជា។

 

លោក Arnaud Darc (អាលណល់ ដាក) ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានអះអាងថាសម្រាប់​លោក​មានទំនុកចិត្តចំពោះស្ថេរភាពរបស់កម្ពុជា លោកមានទំនុកចិត្តលើការផ្លាស់ប្តូរដែលអាចគ្រប់​គ្រង​បានដែលនឹងជម្រុញអោយកម្ពុជាមានការអភិវឌ្ឍន៍កាន់តែលឿន។​

 

Business Confidence index របស់EuroCham Cambodia បានធ្វើការស្ទង់មតិសមាជិក​របស់ខ្លួន និងបានទទួល​ការឆ្លើយតបចំនួន១១៥ដែលមកពី២០ផ្នែកផ្សេងគ្នា។ របាយការណ៍នេះបានធ្វើការស្ទង់​មតិសមាជិករបស់ខ្លួនក្នុងចន្លោះពីខែមីនាដល់ខែឧសភាក្នុងឆ្នាំនេះ។

 

លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា បានបញ្ជាក់ថា ​របាយការណ៍​​របស់ ​​EuroCham​ Cambodia នេះគឺធាតុចូលមួយយ៉ាងសំខាន់ ក្នុង​ការពង្រឹងបរិយាកាសធ្វើ​ជំនួញនៅ​កម្ពុជា​អោយកាន់តែល្អប្រសើរឡើង។ លោកឧកញ៉ា បានបញ្ជាក់ថា កម្ពុជាមានច្បាប់ និងមានគោលនយោ​បាយ​មួយចំនួន ក្នុងការទាក់ទាញ​វិនិយោគិនអោយមកវិនិយោគនៅកម្ពុជា ក៏ដូចជាការកែទម្រង់របស់ស្ថាប័នមួយចំនួន​​ ងាកមកប្រើ​ប្រាស់​ប្រព័ន្ធOnlineដើម្បីជម្រុញប្រសិទ្ធ​ការងារ។

 

ក្នុងរបាយការណ៍ដដែល Business Confidence indexនេះក៏បានប្រមើរមើលថាប្រមាណ៧៥%នៃការឆ្លើយតបក្នុង​ការស្ទង់មតិនេះ រំពឹងថាមុខជំនួញរបស់ខ្លួននៅតែបន្តកំនើនទៅមុខ។ ចំនែកឯ គម្រោងក្នុងការពង្រីក​សកម្មភាពមុខ​ជំនួញរបស់ពួកគេ ក៏របាយការណ៍អះអាងថាមានចំនួនប្រមាណ៦០% បើទោះបីជាការ​មានការកើនឡើងនៃភាពមិនច្បាស់លាស់នាពេលអនាគតក្តី ខណៈអ្នកឆ្លើយតបប្រមាណ២២% ​អះអាង​ពីភាព​មិនច្បាស់លាស់ក្នុងការពង្រឹកសកម្មភាពមុខជំនួញ៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

ប្រភព៖ PNN News

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024