ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០

វៀតណាម នៅតែអាចបន្តទាក់ទាញ ការវិនិយោគដោយផ្ទាល់ពីបរទេស កំឡុងពេលវិបត្តិកូវីដ១៩

៣០ កក្កដា ២០២០ | សេដ្ឋកិច្ច

ខណៈ បណ្តាប្រទេសជាច្រើនលើសកលលោក កំពុងតែជួបនឹង បញ្ហាសេដ្ឋកិច្ចទាំងការធ្វើជំនួញពាណិជ្ជកម្ម និងការវិនិយោគក្តី ប្រទេសវៀតណាម ហាក់បីដូចជាធ្វើបានល្អជាងគេ នៅក្នុងរឿងនេះ ហើយនៅតែបន្តទាក់ទាញ ការបោះទុនវិនិយោគពីក្រៅប្រទេស មកកាន់ វៀតណាម ថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។


បើតាមរបាយការណ៍ពី ទីភ្នាក់ងារវិនិយោគអន្តរជាតិរបស់ប្រទេសវៀតណាម បានបង្ហាញថា គិតចាប់ពីដើមឆ្នាំ មកទល់នឹង សប្តាហ៍ទី ៣ នៃខែកក្កដានេះ វៀតណាម ស្វាគមន៍ការបោះទុនវិនិយោគពីក្រៅប្រទេសប្រមាណ ១៨ពាន់ ៨រយលានដុល្លារអាមេរិក។


ក្នុងនោះ ត្រឹមតែ ៣សប្តាហ៍ដំបូង ខែកក្កដា គឺទទួលបានការវិនិយោគធំៗពីក្រៅប្រទេសប្រមាណ ៣ពាន់លានដុល្លារអាមេរិក រួមមាន ១ពាន់លានដុល្លារ វិនិយោគទៅលើគម្រោងថ្មី ១ពាន់លានដុល្លារអាមេរិកទៀត ចាក់បញ្ចូលទៅក្នុងទុនវិនិយោគដែលចុះបញ្ជីស្រាប់ និងសល់ជាង ១ពាន់លានដុល្លារអាមេរិក ជាការចំណាយរបស់វិនិយោគិនបរទេស ទិញយកភាគហ៊ុន នៅក្នុងគម្រោង។


កំឡុងពេលជាង ៦ខែ នៃការវាយប្រហារដោយមេរោគកូវីដ១៩នេះ វៀតណាម បែរជាទទួលបានគម្រោងថ្មីៗ វិនិយោគដោយផ្ទាល់ពីបរទេសប្រមាណ១ពាន់ ៦០០គម្រោង ដែលមានដើមទុនចុះបញ្ជីសរុបជាង ៩ពាន់លានដុល្លារអាមេរិក បើគិតជាមធ្យម ដើមទុនចុះបញ្ជី ក្នុងគម្រោងនីមួយៗ គឺប្រមាណ ៥លាន ៨សែនដុល្លារអាមេរិក ដែលមានកំណើនខ្ពស់ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៤លាន ៣សែនដុល្លារអាមេរិកក្នុងមួយគម្រោង។


ទីភ្នាក់ងារវិនិយោគអន្តរជាតិរបស់ប្រទេសវៀតណាម បញ្ជាក់ទៀតថា ទុនវិនិយោគនេះ ត្រូវបានចាក់បញ្ចូលទៅក្នុង ១៨វិស័យ ដែលនំាមុខគេដោយ វិស័យឧស្សាហកម្មផលិត និងកែច្នៃ ប្រមូលទុនបានប្រមាណជិត ៩ពាន់លានដុល្លារអាមេរិក ខណៈវិស័យថាមពល និងបណ្តាញចែកចាយ ជាប់លេខ ២ មានទុនជិត ៤ពាន់លានដុល្លារអាមេរិក។


ទីភ្នាក់ងារមួយនេះ បន្តថា ទោះបីវិបត្តិកូវីដ បានដាក់សម្ពាធមកលើ ការវិនិយោគក្តី តែវាក៏បានបង្កើតឱកាសឲ្យ វៀតណាម អាចចាក់យកលំហូរមូលធនសកល ដែលសម្រេចផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់មកកាន់ ប្រទេសវៀតណាម និងធ្វើឲ្យបរិយាកាស និងហេដ្ឋារចនាសម្ព័ន្ធវិនិយោគរបស់វៀតណាម កាន់តែប្រសើរឡើង។


ការវិនិយោគពីក្រៅប្រទេសរបស់វៀតណាម គឺបានមកពី ១០៤ប្រទេស និងតំបន់ជុំវិញសកលលោក ក្នុងនោះ ប្រទេសសិង្ហបុរី ជាអ្នកបោះទុនវិនិយោគច្រើនជាងគេ ប្រមាណ ៦ពាន់ ៤រយលានដុល្លារអាមេរិក ខណៈ ប្រទេសកូរ៉េខាងត្បូង ឈរលេខ ២ បោះទុនប្រមាណ ២ពាន់ ៨រយលានដុល្លារអាមេរិក។

 


សូម្បីតែអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO ក៏បានបញ្ជាក់ដែរថា នៅក្នុងកម្មវិធីគាំទ្រសហគ្រាសឯកជនរបស់រដ្ឋាភិបាលជប៉ុន រកឃើញថា ក្នុងចំណោមក្រុមហ៊ុនជប៉ុនចំនួន ៣០ គឺមាន ១៥ក្រុមហ៊ុនហើយ ដែលបានជ្រើសរើស ប្រទេសវៀតណាម ជាគោលដៅពង្រីកអាជីវកម្មរបស់ខ្លួន។


សូមបញ្ជាក់ដែរថា វៀតណាម បានកំណត់គោលដៅទាក់ទាញការវិនិយោគពីក្រៅប្រទេសប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ដែលវាទាបជាង លទ្ធផលសម្រេចបាន កាលពីឆ្នាំ ២០១៩កន្លងទៅ សរុបប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក ក៏ប៉ុន្តែវាត្រូវបាន អ្នកជំនាញចាត់ទុកថា ជា លទ្ធផលដ៏ល្អបំផុត ដែលអាចធ្វើបាន កំឡុងពេលកូវីដ១៩នេះ៕


អត្ថបទ៖ ងួន សុភ័ត្រ្តា


 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.