ថ្ងៃអង្គារ៍ ទី១៩ ខែមីនា ឆ្នាំ២០២៤

កម្ពុជា ទាមទារឲ្យកូរ៉េខាងជើង បញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ

១៣ កញ្ញា ២០១៧ | ព័ត៌មានជាតិ

នៅរសៀលថ្ងៃទី១២ ខែកញ្ញានេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយ​សម្តែងការសោកស្តាយ និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែរ ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានទាមទារ​ឲ្យកូរ៉េខាងជើង បញ្ឈប់​ការសាកល្បងអាវុធ​នុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ដើម្បីការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ។

 

 

 

ក្នុង​សេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ការសាកល្បងនុយក្លេអ៊ែរ លើកទី៦ របស់កូរ៉េខាងជើង កាលពីថ្ងៃទី៣ ខែកញ្ញា គឺជាការរំលោភជាថ្មីម្តងទៀត ទៅលើសេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្ករការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ហើយនឹងធ្វើឲ្យធ្ងន់ធ្ងរថែមទៀត ចំពោះស្ថានភាពដែលតឹងតែងស្រាប់នៅក្នុងឧបទ្វីបកូរ៉េ។

 

 

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា “កម្ពុជា ទាមទារឲ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ អនុវត្តឲ្យបានពេញលេញនូវសេចក្តីសំរេចចិត្តពាក់ព័ន្ធទាំងអស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយនិងបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ”៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024