ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សោម វិឆ័យ ប្រកាសចង់ជួបជើងខ្លាំង ឈុត សេរីវ៉ាន់ថង

២៨ កក្កដា ២០២០ | កីឡា

អ្នកប្រយុទ្ធគុនខ្មែរបទពិសោធជោកជាំមួយរូប សោម វិឆ័យ អះអាងថា ខ្លួនមានបំណងចង់ល្បងស្នៀតតទល់ ជើងខ្លាំងកំពុងឡើងកូដ ប្រភេទទម្ងន់៦០គីឡូក្រាមពីខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង នាពេលខាងមុខ ប្រសិនមានឱកាស ក្រោយខ្លួនទើបយកឈ្នះពិន្ទុ ផាន រះ នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM-ISI PIPE”នៅភីអិនអិន  កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា។

 


បទសម្ភាសជាមួយ ភីអិនអិន ក្រោយចប់ការប្រកួត អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្តស្វាយរៀង រូបនេះ រៀបរាប់ថា ខ្លួនធ្លាប់ឆ្លងកាត់ជើងខ្លាំងទម្ងន់៦០គីឡូក្រាម ជាច្រើនរូបមានទាំងឈ្នះ និងចាញ់ ប៉ុន្តែពុំទាន់ដែលប៉ះ ម្ចាស់ពាន ISI PALM រដូវកាលទី៣ ប្រភេទទម្ងន់៥៧គីឡូក្រាម រូបនេះឡើយ។


«ខ្ញុំចង់ប្រកួតគីឡូ៦០ ច្រើនជាង៦៣.៥ បង។ ដោយសារគីឡូ៦០ រាងតូចៗ ឯ ៦៣កន្លះ គេធំៗ។ ប្រសិនជាមានឱកាស ខ្ញុំនឹងខិតខំធ្វើឲ្យបានល្អ បើបានជួបពួកគាត់។ កន្លងមក ខ្ញុំធ្លាប់ជួប ឃីម បូរ៉ា ទិត្យ សុវណ្ណគីរី សូត្រ ខេវិន។ មានច្រើនទៀត បង ចាំអត់អស់ទេ តែខ្ញុំចង់ជួប ឈុត សេរីវ៉ាន់ថង ខ្លាំងជាងគេ។ ព្រោះខ្ញុំឃើញ គាត់ប្រកួតជាមួយគេល្អចឹង ខ្ញុំចង់បង្ហាញសមត្ថភាពខ្ញុំដែរ»។

 


ជើងខ្លាំងវ័យ២៣ឆ្នាំ រូបនេះ បន្ថែមថា ទោះខ្លួននៅមានចំណុចខ្វះខាតច្រើនយ៉ាងណាក្ដី ប៉ុន្តែនឹងខិតខំដុសខាត់សមត្ថភាពឲ្យបានល្អ ប្រសិនជាជំនួបរវាងខ្លួន និង ឈុត សេរីវ៉ាន់ថង អាចនឹងកើនឡើងដូចការរំពឹងទុក នាពេលខាងមុខ។ 


«ខ្ញុំសង្ឃឹម៥០ភាគរយ នឹងប្រឹងអស់ពីសមត្ថភាព ដើម្បីយកឈ្នះគាត់ ប្រសិនមានឱកាសជួបគាត់។ គឺគាត់ល្អមួយចប់តែម្ដងបង ទាំងទាត់ ម៉ាត់ និងកែង។ ខ្ញុំនៅខ្វះខាតច្រើនដែរបង ទាំងស៊ុហ្វ និងបច្ចេកទេស។ ប្រសិនអាចជួបគាត់មែន ខ្ញុំនឹងពង្រឹងស៊ុហ្វ និងបច្ចេកទេសឲ្យបានច្រើន»។

 


គួរដឹងដែរថា សោម វិឆ័យ ជាអ្នកប្រដាល់គុនខ្មែរមានឈ្មោះបោះសំឡេងមួយរូប និងមានបទពិសោធលើសង្វៀនមិនតិចជាង១០០ដងឡើយ។ កូនសិស្សគ្រូ ឡុង វិបុល រូបនេះ ទើបបានយកឈ្នះពិន្ទុ ផាន រះ ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា៕

អត្ថបទ និងរូបភាព៖ នូ ពៅ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024