ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ធនាគារអភិវឌ្ឍន៍ជនបទ ថាមានជនខិលខូច កំពុងកេងចំណេញពីគម្រោងផ្តល់កម្ចីក្នុងវិស័យស្រូវអង្ករ

០៥ កញ្ញា ២០១៧ | សេដ្ឋកិច្ច

ទើបតែបានរយៈពេលជិតមួយខែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាល ប្រកាសបញ្ចេញទុនបន្ថែមកើនដល់ ៥០ លានដុល្លារ សម្រាប់គម្រោងផ្តល់កម្ចី ដល់ម្ចាស់រោងម៉ាស៊ីន និងអ្នកនាំចេញ ក៏មានលេចលឺពត៌មានថា មានជនខិលខូចមួយចំនួនតូច កំពុងមានបំណងកេងចំណេញពីគម្រោងនេះ ដោយទារកម្រៃពីបណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាថ្នូរនឹងការទទួលបានឥណទានក្រោមគម្រោងនេះ។ នេះបើតាមសេចក្តីជូនដំណឹងពីធនាគារអភិវឌ្ឍន៍ជនបទ។
 


ធនាគារអភិវឌ្ឍន៍ជនបទ បញ្ជាក់ថា នេះជាអំពើមិនស្របច្បាប់ ធ្វើឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស ធនាគារអភិវឌ្ឍន៍ជនបទ។
ធនាគារអភិវឌ្ឍន៍ជនបទ សូមបញ្ជាក់ថា ការទទួលបានឥណទានមិនយកកម្រៃណាមួយក្រៅពីកម្រៃផ្លូវការឡើយ ហើយការស្នើសុំឥណទាន អតិថិជនគួរទំនាក់ទំនងដោយផ្ទាល់មកធនាគារអភិវឌ្ឍន៍ជនបទ ដោយមិនចាំបាច់ឆ្លងកាត់អន្តរការីណាមួយឡើយ។

 

 

តាមការជូនដំណឹងប្រសិនបើមានជនខិលខូចណាមួយបានធ្វើការទំនាក់ទំនងដូចករណីនេះ សូមម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ធ្វើការកំណត់អត្តសញ្ញាណជននោះឱ្យបានច្បាស់លាស់ រួចជូនដំណឹងមកធនាគារអភិវឌ្ឍន៍ជនបទ ឬ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ បើតាម ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ គិតមកដល់ពេលនេះ គម្រោងឥណទានពិសេសរបស់រដ្ឋាភិបាល ទើបតែបញ្ចេញ បានប្រមាណជាង៣ លានដុលា្លរប៉ុណ្ណោះ៕

 

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024