ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប្រមុខកីឡាក្រសួងមហាផ្ទៃ ប្តេជ្ញារៀបចំព្រឹត្តិការណ៍កីឡាយុទ្ធសិល្ប៍ ឱ្យកាន់តែអស្ចារ្យនៅឆ្នាំ២០២១

២៧ កក្កដា ២០២០ | កីឡា

ឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ បានបង្ហាញការតាំងចិត្តថា នឹងបន្តរៀបចំការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅឆ្នាំ២០២១ ឱ្យកាន់តែកាន់តែអស្ចារ្យបន្ថែមទៀត ក្រោយពីរៀបចំឆ្នាំនេះទទួលបានជោគជ័យ និងគាំទ្រខ្លាំងពីក្លិបសមាគម និងក្រសួងផ្សេងៗដែលបានចូលរួម។ 

 


ថ្លែងក្នុងពិធីបំពាក់មេដាយដល់ជយលាភីពីការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ប្រចាំ២០២០ កាលចុងសប្តាហ៍កន្លងទៅ ឯកឧត្តម ជា ប៊ុនហេង រំពឹងថាការពង្រីកនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយដើម្បីជំរុញនិងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ក្លិបដែលចូលរួម បន្តប្រឹងប្រែងហ្វឹកហាត់ ក្នុងគោលដៅត្រៀមប្រជែងលើឆាកអន្តរជាតិក៏ដូចជាស៊ីហ្គេមជាដើម។

 


«យើងពិតជាសប្បាយចិត្តណាស់ នៅពេលដែលការប្រកួតរបស់យើងឆ្នាំនេះ មានការគាំទ្រច្រើន ពីក្រសួង សមាគម ក៏ដូចជាក្លិបនានាដែលបានចូលរួម។ យើងរៀបចំប៉ុណ្ណឹងគឺវាមិនទាន់គ្រប់គ្រាន់តាមអ្វីដែលយើងចង់បានទេ។ តាមគំនិតខ្ញុំ គឺនឹងរៀបចំការប្រកួតកីឡាយុទ្ធសិល្ប៍ពានសម្តេច ស ខេង នេះឱ្យបានកាន់តែធំជាងនេះទៀតនៅឆ្នាំក្រោយ។ កាលណាយើងអភិវឌ្ឍការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំ គឺវានឹងជួយដល់សមត្ថភាពកីឡាករ កីឡាការិនីរបស់យើង ដើម្បីបានឱកាសពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែម ដើម្បីត្រៀមខ្លួន សម្រាប់ការប្រកួតនៅប្រទេស ជាពិសេសស៊ីហ្គេមហ្នឹងតែម្តង »។

 


គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៣ ប្រចាំ២០២០ គណៈកម្មារៀបចំសម្រេចដាក់៣ប្រភេទកីឡាប្រកួតប្រជែង ដូចជា៖ កីឡាយូដូ ការ៉ាតេ និងតេក្វាន់ដូ WT ខណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិដែលចូលរួមក្នុងព្រឹត្តិការណ៍នេះសរុបចំនួន៧៦រូប មកពីក្លឹបចំនួន៩៕

អត្ថបទ និងរូបភាព៖ ងិន មករា
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024