ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មាស វាសនា ផ្តើមពីលេងបាល់ទះចងខ្សែតាមវាលស្រែ ប្រែមកជាកីឡាករជម្រើសជាតិ

២៧ កក្កដា ២០២០ | កីឡា

បន្ទាប់ពីក្លាយជាសមាជិកស្នូលសំខាន់របស់ក្លិបបាល់ទះក្រសួងមហាផ្ទៃ ស្មាត់បម្រើកណ្តាល មាស វាសនា បានរំលឹកពីប្រវត្តិដើមចម នៃការឈានជើងចូលប្រឡូកក្នុងវិស័យបាល់ទះ ថាដំបូងឡើងខ្លួនលេងលក្ខណៈកំសាន្តសប្បាយតាមស្រុកតាមភូមិ និង តាមវាលស្រែ នៅក្នុងខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថភាពកើនឡើង ក៏ត្រូវបានក្លិបអាជីពនៅភ្នំពេញទាក់ទងមកបណ្តុះបណ្តាលបន្ថែម រហូតក្លាយខ្លួនជាកីឡាករអាជីព និង ធ្លាប់ជាប់ជម្រើសជាតិកាលពីឆ្នាំ២០១៥ផងដែរ ។

 


រំលឹកពីប្រវត្តិលេងបាល់ទះរបស់ខ្លួន ប្រាប់ភីអិនអិន ស្មាត់របស់ក្លិបបាល់ទះក្រសួងមហាផ្ទៃ មាស វាសនា លើកឡើងពីដើមចមនៃការលេងបាល់ទះរបស់ខ្លួនបែបនេះ៖«ដំបូងឡើងយើងលេងលក្ខណៈថាដូចចងខ្សែរតាមវាលស្រែក្រោយផ្ទះ លេងអាវ៉ង់ដី ដល់យើងលេងយូរឆ្នាំទៅរាងគ្រាន់បើមានតារាងបាល់មួយនៅកៀនផ្ទះ យើងចេះតែលេងជាមួយអ្នកភូមិហើយគេមកលេងជាមួយចឹងទៅយើងវារាងឡើងបន្តិច យើងចេះម៉ាគួរសម ។ ហើយពេលមួយដែលគេបង្កើតក្លិប គឺក្លិបព្រៃវែងដែលបច្ចុប្បន្ន វិសាខា លោកគ្រូចំណាប់គាត់ដើររើសកីឡាករតាមខេត្ត កីឡាករដែលមានសមត្ថភាព កាយសម្បទាអាចចូលហ្វឹកហាត់បាន អញ្ចឹងបានខ្ញុំបានហាត់ដល់សព្វថ្ងៃដោយសារលោកគ្រូចំណាប់ ។ ឆ្នាំ២០១៤ខ្ញុំផ្លាស់ចេញពីក្លិបព្រៃវែង ដែលបច្ចុប្បន្នគេដាក់ វិសាខា ហើយខ្ញុំមកក្រសួងមហាផ្ទៃឆ្នាំ២០១៤»។

 

 
កីឡាករវ័យ២៦ឆ្នាំរូបនេះបន្តថា ការផ្លាស់មកហ្វឹកហាត់និងរស់នៅភ្នំពេញដំបូងឡើយ មានការព្រួយបារម្ភពីក្រុមគ្រួសារផងដែរ តែដោយសារឪពុកខ្លួនជាអ្នកស្រលាញ់បាល់ទះស្រាប់ក៏បានជម្រុញនិងលើកទឹកចិត្តដល់រូបគេ អោយបន្តនិងពុះពាររហូតដល់ក្លាយជាកីឡាករអាជីពបែបនេះ ។ វាសនាបន្តថា បច្ចុប្បន្នសេចក្តីព្យាយាមដែលរូបគេសម្រេចបាន បានធ្វើអោយគ្រួសារសប្បាយចិត្ត លើរូបគេជាខ្លាំង។

 


«ដំបូងឡើយ ម៉ាក់ បងប្អូនខាងម៉ាក់ អត់អោយមកទេ តែប៉ាខ្ញុំគាត់លេងបាល់ទះដែរ គាត់ស្រលាញ់គាត់អោយមក មានអារម្មណ៍ថាភ័យផងអរផង ព្រោះយើងអត់ដែលមកភ្នំពេញបង ជាលើកទីមួយមកនៅម្នាក់ឯង ប៉ាម៉ាក់គាត់បារម្មណ៍ព្រោះអត់ដែលអោយយើងនៅម្នាក់ឯង ណាមួយប៉ាម៉ាក់តាមដែលខ្ញុំគិតដល់ពេលយើងនៅជាមួយគាត់យូរទៅ គាត់អាចអោយយើងនៅម្នាក់ឯងបាន គាត់ហ៊ានអោយយើងរស់នៅស្គាលពីសង្គមខាងក្រៅ ម្នាក់ឯងត្រូវរស់នៅយ៉ាងម៉េច គាត់គ្រាន់តែណែនាំថា ទៅក៏ទៅៗ តែត្រូវចេះ កុំធ្វើអ្វីដែលមិនល្អ ហ្វឹកហាត់ចេះគោរពចេះស្រលាញ់គ្នាជាមួយពួកម៉ាក ជាមួយគ្រូ ចេះគោរពគេ និង កុំធ្វើអ្វីដែលអាក្រក់»។

 


គួរបញ្ជាក់ថា មាស វាសនា ផ្តើមហ្វឹកហាត់បាល់ទះអាជីពដំបូងជាមួយក្លិបសសយកខេត្តព្រៃវែង ២០១៣ ដែលបច្ចុប្បន្នជាវិសាខា បន្ទាប់ពីបានបង្ហាញសមត្ថភាពនិងទេពកោសល្យក្នុងស្រុកភូមិទាក់ទាញគ្រូបង្វឹកអោយជ្រើសរើសរូបគេមកចូលរួម ក្រោយមកនៅឆ្នាំ២០១៤រូបគេបានផ្លាស់មកក្លិបបាល់ទះក្រសួងមហាផ្ទៃ ។ ដោយឡែកក្នុងក្រុមជម្រើសជាតិរូបគេក៏ត្រូវបានជាប់ក្នុងឆ្នាំ២០១៥ ទៅព្រឹត្តកាណ៍ស៊ីហ្គេមនៅសឹង្ហបុរីផងដែរ ៕ 

អត្ថបទ និង រូបភាព៖ រ៉េត ស្តាលីន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024